ពិភពលោក​បាត់បង់​មនុស្ស​ជាង ២០,០០០​នាក់​ហើយ​ដោយ​សារ COVID-19 ក្នុង​ពេល​តែ​៤​ខែ ខណៈជាង ​៣ពាន់​លាន​នាក់​កំពុង​ជាប់​ក្នុង​ផ្ទះ

(ម៉ាឌ្រីដ)៖ ប្រជាជនច្រើនជាង ៣ពាន់លាននាក់នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈរដ្ឋាភិបាលទាំងឡាយ កំពុងបង្កើនការប្រយុទ្ធជាមួយជំងឺរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សកើនលើស ២០,០០០នាក់នៅទូទាំងសកលលោក គិតចាប់តាំងពីវាផ្ទុះឡើងដំបូងនៅប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

ខណៈចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោកបានកើនលើស ៤៥០,០០០នាក់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានព្រមានថា មានតែបណ្ដាប្រទេស និងដែនដីទាំងអស់នៅលើពិភពលោកសាមគ្គីគ្នាប៉ុណ្ណោះ ទើបអាចបញ្ឈប់ការរាតត្បាតរបស់វីរុស COVID-19 ដ៏កាចសាហាវនេះបាន។

គិតត្រឹមថ្ងៃពុធម្សិលមិញ នៅក្នុងប្រទេសអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ៣,៤៣៤នាក់ ដែលចំនួននេះគឺកើនលើសប្រទេស ចិនទៅទៀត និងធ្វើឱ្យអេស្ប៉ាញក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីអ៉ីតាលី ស្របពេលចំនួនអ្នកស្លាប់បានហក់ឡើងលើស ២០,៨០០នាក់ នៅទូទាំងប្រទេស និងដែនដីចំនួន ១៩៥។

ម្យ៉ាងវិញទៀត ដោយសារតែជំងឺដ៏កាចសាហាវនេះ ប្រជាជនច្រើនជាង ៣ពាន់លាននាក់នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ ប្រទេសក្នុងគ្រាមានអាសន្ន។ ជាក់ស្ដែង គ្រាន់តែនៅប្រទេសឥណ្ឌា ប្រជាជន ១.៣ពាន់លាននាក់ ត្រូវបានបង្គាប់ឱ្យ ស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសទាំងមូលរយៈពេល ២១ថ្ងៃ របស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ខណៈវិធានការបែបនេះ នឹងអាចកើតមានឡើង នៅតាមប្រទេសជាច្រើនបន្ថែមទៀត ប្រសិនករណីឆ្លង COVID-19 កាន់តែធ្ងន់ធ្ងរពិបាកទប់៕

You might also like More from author