ទីបំផុត​ខ្មាន់​កាំភ្លើង​អូស្ត្រាលី ដែល​បាញ់​សម្លាប់​មនុស្ស ៥១នាក់​នៅ​នូវែលសេឡង់ ព្រម​សារភាព​កំហុស​ទាំងអស់!

(វែលីងតោន)៖ បុរសជនជាតិអូស្រ្តាលីដែលជាប់ចោទពីបទ​ឃាតកម្មដ៏សាហាវលើសាសនិកឥស្លាម ៥១នាក់ តាមរយៈការបាញ់ប្រហារនៅព្រះវិហារ ពីរកន្លែងក្នុងប្រទេសនូវែលសេឡង់​កាលពីឆ្នាំ២០១៩ នាពេលនេះបានឆ្លើយទទួលសារភាពកំហុស ចំពោះការចោទប្រកាន់ទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

បុរសខាងលើមានឈ្មោះថា ប្រ៊ែនតុន ថារ៉ានត៍ (Brenton Tarrant) អាយុ ២៩ឆ្នាំ ដែលកន្លងមកបានច្រានចោលបទចោទប្រកាន់នានា រួមមានអំពើមនុស្សឃាត លើជនរងគ្រោះ ៥១នាក់, ការប៉ុនប៉ងសម្លាប់មនុស្សចំនួន ៤០នាក់ទៀត, និងការធ្វើសកម្មភាពភេរវកម្ម ប៉ុន្តែនាថ្ងៃព្រហស្បតិ៍នេះក៏បានប្រែ គោលជំហររបស់ខ្លួនវិញ ដោយជន Tarrant បានឆ្លើយទទួលយកកំហុស ចំពោះការចោទប្រកាន់ទាំងអស់។

គួរជម្រាបថា ពុំមានការបញ្ជាក់ពីហេតុផល​នៅពីក្រោយការផ្លាស់ប្តូរគោលជំហររបស់ជន Tarrant ឡើយ។ យ៉ាងណាមិញ ចៅក្រមនឹងធ្វើការផ្តន្ទាទោសលើ Tarrant ប៉ុន្តែមិនទាន់ច្បាស់ថា នឹងប្រព្រឹត្តទៅនាពេលណាឡើយ ស្របពេលដែលបច្ចុប្បន្ននូវែសេឡង់ កំពុងស្ថិតក្រោមការបិទប្រទេសរយៈពេល ០៤សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាតត្បាតជុំវិញពិភពលោក៕

You might also like More from author