មនុស្ស​ស្លាប់​កើន​លើស ១,០០០​នាក់​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​អ្នក​ឆ្លង COVID-19 សរុប​ជិត​ ៦៩,០០០​ករណី!

(វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីនស៍ (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរលែងចង់ជាប់ហើយ៕

You might also like More from author