អ្នក​វិទ្យាសាស្ត្រ​អាមេរិក៖ «យើង​ត្រូវ​តែ​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 ឲ្យបាន​លឿន​បំផុត ដើម្បី​កុំឲ្យ​ជំងឺ​នេះ​ចាក់​ឬសកាន់តែខ្លាំង»

(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់អាមេរិក បាននិយាយថា វាមានឱកាសទៅរួចដែលវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19 អាចនឹងក្លាយជាជំងឺមួយ កើតឡើងវិលជុំតាមវដ្ដរដូវ ដូច្នេះហើយចាំបាច់ណាស់ត្រូវតែស្វែងរកវ៉ាក់សាំង និងវិធីសាស្រ្តព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ឱ្យបានកាន់តែឆាប់រហ័ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ដែលជាអ្នកដឹកនាំស្រាវជ្រាវពីជំងឺឆ្លង នៅឯវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក ធ្វើការកត់សម្គាលខាងលើ នៅក្នុងការធ្វើបទបង្ហាញដ៏ខ្លីមួយ​នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ដែរថា វីរុសកូរ៉ូណាថ្មីបាននិងកំពុងចាក់ឬស​នៅក្នុងតំបន់អឌ្ឍគោលខាងត្បូង ជាទីដែលមានអាកាសធាតុ ត្រជាក់កំពុងខិតជិតចូលមកដល់។

អ្នកវិទ្យាសាស្ត្រអាមេរិកកាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងមើលឃើញក្នុងពេលនេះ… នោះគឺនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង និងបណ្ដាប្រទេសអឌ្ឍគោលខាងត្បូង មានករណីឆ្លង COVID-19 ចំពេលអាកាសធាតុត្រជាក់កាន់តែខិតជិតចូលមកដល់។ មួយវិញទៀត បើសិនជាពួកគេមានករណី ឆ្លងរីករាលដាលខ្លាំង នោះយើងត្រូវតែត្រៀមខ្លួនជាមុន ចំពោះលទ្ធភាពដែល COVID-19 អាចនឹងក្លាយជាជំងឺមួយកើតឡើងវិលជុំវិញតាមវដ្ដរដូវ ហើយវាចាំបាច់ផងដែរ ក្នុងការស្វែងរកវ៉ាក់សាំង និងវិធីសាស្រ្តព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ឱ្យបានកាន់តែឆាប់រហ័ស»

គួរជម្រាបថា ការអត្ថាធិប្បាយរបស់លោក Anthony Fauci បានសន្មត់ថា វីរុសកូរ៉ូណាថ្មីអាចសម្របខ្លួន និងរស់នៅក្នុងអាកាធាតុត្រជាក់បានល្អជាង អាកាសធាតុក្ដៅ និងមានសំណើម។ ការសន្មត់នេះទៀតសោត ក៏មានលក្ខណៈស្រដៀងគ្នាផងដែរ ទៅនឹងការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានបង្ហាញថា វីរុសនេះអាចរស់នៅក្នុងតំណក់ទឹក ខ្យល់អាកាស នៅពេលអ្នកឆ្លងជំងឺនេះកណ្ដាស ឬក្អកចេញមកក្រៅ នៅក្រោមអាកាសធាតុត្រជាក់ យូរជាងអាកាសធាតុក្ដៅ ព្រោះអាកាសធាតុត្រជាក់ អាចធ្វើឱ្យប្រព័ន្ធភាពសុំាមនុស្សចុះខ្សោយ។

ប៉ុន្តែវាមិនមែនមានន័យថា នៅក្រោមអាកាសធាតុក្ដៅ វីរុសកូរ៉ូណាថ្មីនឹងត្រូវបានបាត់បង់ ឬស្លាប់ទាំងស្រុងនោះទេ។ ជាឧទាហរណ៍ ជាក់ស្ដែងនៅអូស្រ្តាលី មានអ្នកឆ្លងជិត ២,៥០០នាក់ និង ០៨នាក់ស្លាប់ ខណៈប្រទេសនេះកំពុងស្ថិតនៅអាកាសធាតុក្តៅ៕

You might also like More from author