លោក​យាយ អាយុ​៩៦​ឆ្នាំ ក្លាយ​ជា​អ្នក​ជំងឺ COVID-19 វ័យ​ចំណាស់​ជាង​គេ​បំផុត ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជា​សះស្បើយ​ទាំង​ស្រុង

(សេអ៊ូល)៖ លោកយាយអាយុ៩៦ឆ្នាំម្នាក់ បានក្លាយជាអ្នកជំងឺ COVID-19 មានវ័យចំណាស់ជាងគេបំផុត ដែលត្រូវបានក្រុមគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយ ទាំងស្រុង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ CNN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

លោកយាយ Hwang មកពីតំបន់ Cheongdo ត្រូវបានក្រុមគូ្រពេទ្យប្រកាសថា បានជាសះស្បើយទាំងស្រុង កាលពីថ្ងៃពុធ ម្សិលមិញ។ Cheongdo គឺជាតំបន់មួយស្ថិត នៅក្បែងទីក្រុង Daegu ជាដែលករណីឆ្លង COVID-19 មានច្រើនជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកយាយ Hwang ត្រូវបានគេធ្វើតេស្ដ រកឃើញផ្ទុក COVID-19 កាលពីថ្ងៃទី១៣ ខែមីនា និងទទួលបានការព្យាបាលបន្ទាន់នៅឯគ្លីនិករដ្ឋ Pohang ស្ថិតនៅភាគខាងកើតទីក្រុង Daegu។ បច្ចុប្បន្ន ដូនចាស់រូបនេះកំពុង ស្នាក់នៅដាច់ដោយឡែកពីគេ នៅក្នុងផ្ទះរបស់ខ្លួន នៅឯតំបន់ Cheongdo ជាទីដែលលោកយាយរស់នៅជាមួយកូនប្រុស។

គួរជម្រាបថា ពេញមួយថ្ងៃពុធម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូង បានកើនដល់៩,២៤១នាក់ ក្នុងនោះ១៣១នាក់បានបាត់បង់ជីវិត៕

You might also like More from author