ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​អគ្គមហេសី ត្រូវគង់​នៅ​ដាច់​ដោយឡែក​​ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ក្រោយ​មន្ត្រីវាំង​៧រូប​ឆ្លង COVID-19

(គួឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) និងអគ្គមហេសីរបស់ទ្រង់ បានសម្រេចព្រះទ័យគង់នៅដាច់ដោយឡែកពីគេឯង ដើម្បីតាមដានព្រះរាជសុខភាព បន្ទាប់ពីមន្ត្រីព្រះបរមរាជវាំងចំនួន ០៧រូប​ត្រូវបានធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ នៅឯព្រះបរមរាជវាំងម៉ាឡេស៊ីបានឲ្យដឹងយ៉ាងដូច្នេះថា «មន្ត្រីទាំង ០៧រូប​ដែលបានឆ្លងជំងឺ COVID-19 ខាងលើ ឥឡូវនេះគឺកំពុងទទួលការព្យាបាល នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងគួរឡាឡាំពួ ហើយស្ថានភាពសុខភាពរបស់ពួកគេស្ថិតក្នុងស្ថានភាពល្អ»

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីកំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកប្រភពដើម នៃការនាំចូលវីរុសដ៏កាចសាហាវនេះ​ដល់ព្រះបរមរាជវាំងម៉ាឡេស៊ី។ ទន្ទឹមគ្នានេះមន្ត្រីទទួលបន្ទុកកិច្ចការព្រះបរមរាជវាំង លោក អះម៉ាត់ ហ្វាដីល ហ្សាំស៊ុតទីន (Ahmad Fadil Shamsuddin) បានគូសបញ្ជាក់ថា «ព្រះចៅស៊ុលតង់ និងព្រះមហាក្សត្រីបានរាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពទ្រង់ទាំងពីរជាស្ថាពរហើយ ដោយលទ្ធផលចេញមក គឺអវិជ្ជមាន ដែលប្រកាសនេះមានន័យថា ទ្រង់ទាំងពីរមិនមានផ្ទុកជំងឺ COVID-19 ឡើយ»។ ទោះបីជាបែបក្តី លោក Shamsuddin បានសង្កត់ធ្ងន់ថា «ទ្រង់ទាំងពីរ ត្រូវបន្តស្ថិតនៅដំណាក់កាលតាមដានព្រះរាជសុខភាព ដោយការគង់នៅដាច់ដោយឡែកពីគេឯង សម្រាប់រយៈពេលកំណត់ ១៤ថ្ងៃសិន»

គួរជម្រាបជូន ម៉ាឡេស៊ីបានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ចំនួនប្រមាណជិត ១,៨០០ករណីហើយនៅទូទាំងប្រទេស ក្នុងនោះ ២១នាក់បាត់បង់ជីវិត។ ជាមួយនឹងតួលេខអ្នកឆ្លងដ៏ច្រើននេះ វាបានធ្វើឲ្យប្រទេសម៉ាឡេស៊ី បន្តឈរលំដាប់ថ្នាក់ទី ១ នៃចំនួនអ្នកឆ្លង COVID-19 នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស៕

You might also like More from author