អុីតាលីអះអាងថា កំពង់ផែ​របស់ខ្លួន​លែង​មាន​សុវត្ថិភាព ដូច្នេះ​មិន​អាច​ឲ្យ​នាវា​ដឹក​ជន​ភៀសខ្លួន​ចូលចត​បាន​ទៀតឡើយ

(រ៉ូម)៖ អាជ្ញាធរអ៊ីតាលីបានឲ្យដឹងថា កំពង់ផែរបស់ខ្លួនមិនអាចចាត់ទុកថា ជាកន្លែងដែលមានសុវត្ថិភាពទេ នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដូច្នេះរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យ នាវាសប្បុរសធម៌ដឹក​ជនអន្តោប្រវេសន៍ចូលចតទៀតឡើយ។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

សេចក្តីសម្រេចខាងលើត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា បន្ទាប់ពីនាវាដែលដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាលរបស់អាល្លឺម៉ង់មួយគ្រឿង ដែលមានឈ្មោះថា ស៊ីអាយ (Sea-Eye) បានដឹកយកជនអន្តោប្រវេសន៍ប្រមាណ ១៥០នាក់​ចេញពីឆ្នេរសមុទ្រប្រទេសលីប៊ី ហើយឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។

នៅក្នុងក្រឹត្យមួយដែលបានចេញដោយរដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃអង្គារបានលើកឡើងយ៉ាងដូច្នេះថា «ក្នុងគ្រាដែលប្រទេសទាំងមូល​ស្ថិតក្នុងគ្រាអាសន្ន ដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 នេះ កំពង់ផែអ៊ីតាលីមិនអាចធានានូវតម្រូវការចាំបាច់​ជូនដល់ជនអន្តោប្រវេសន៍ទាំងនោះទេ ហើយក៏មិនមែនជាកន្លែងដែលសុវត្ថិភាព​សម្រាប់ពួកគេទៀតដែរ»

គួរជម្រាបថា នាវាសប្បុរសធម៌ខាងលើតែងតែដើរល្បាត នៅតាមឆ្នេរសមុទ្រ​ប្រទេសលីប៊ីជាទៀងទាត់ ដើម្បីជួយសង្រ្គោះទូកតូចៗរបស់ជនអន្តោប្រវេសន៍ ដែលជួបគ្រោះថ្នាក់នៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ។ នៅលើគណនី Twitter របស់ខ្លួន អង្គការមួយនេះ​បានសរសេររៀបរាប់ថា «បើទោះបីជាក្នុងគ្រាដែលជីវិតមនុស្សនៅអ៊ីរ៉ុប​ ស្ទើរតែត្រូវបានបញ្ចប់ក៏ដោយ ក៏សិទ្ធិមនុស្សត្រូវតែការពារឲ្យបានដែរ។ យើងបានជួយសង្គ្រោះជីវិតមនុស្សចំនួន ១៥០នាក់។ ឥឡូវភ្ញៀវរបស់យើងត្រូវការតំពង់ផែមួយដែលមានសុវត្តិភាព»

You might also like More from author