កូរ៉េខាងជើងចាប់ផ្តើម «យុទ្ធនាការប្រឆាំងអាមេរិក ជាប្រវត្តិសាស្ត្រ» ខណៈ​នឹងអាចមានការធ្វើតេស្ត​ គ្រាប់បែកអ៊ីដ្រូសែនជាថ្មី!

- Advertisement -

(ញូយ៉ក)៖ កូរ៉េខាងជើង អាចនឹងដឹកនាំការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដ៏មានឥទ្ធិពលរបស់ខ្លួន នៅឯមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការចាត់វិធានការសកម្មភាពកំរិតខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក រី យ៉ុង ហូ (Ri Yong-ho) ធ្វើឡើងក្រោយ លោក គីម ជុងអ៊ុន ព្រមានចាត់វិធានការសងសឹក ឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមកម្ទេចកូរ៉េខាងជើងឱ្យក្លាយជាផេះ។ លោក Ri បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វិធានការទាំងនោះ អាចជាការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក… តែយ៉ាងណា យើងនៅមិនទាន់ដឹងថា ផែនការសកម្មភាពនេះអាចនឹងត្រូវអនុវត្តន៍ ឬយ៉ាងណានោះទេ ត្បិតវាស្ថិតនៅក្រោមបញ្ជាដោយ លោក គីម ជុងអ៊ុន»។

គួរបញ្ជាក់ថា ចំពោះមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉កកាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានព្រមានកម្ទេចកូរ៉េខាងជើង ឱ្យក្លាយជាផេះ ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ នៅក្នុងករណីទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ ដែលលោក ត្រាំ ព្រមានបែបនេះ គ្រាន់តែលើកនេះ ត្រាំ បានយកវេទិកាអន្តរជាតិមកប្រើប្រាស់ ដែលវាមានន័យវាយប្រហារដោយប្រយោលមិនធ្លាប់មានមកលើកូរ៉េខាងជើងតែម្តង៕

You might also like More from author