រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ នឹង​យក​សំណុំរឿង​រ៉ូហ៊ីងយ៉ា ទៅ​ជជែក​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ​ស្អែកនេះ

- Advertisement -

(យ៉ាងហ្គន)៖ រដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន នឹងលើកសំណុំរឿងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏ដូចជាអះអាងពីភាពចាំបាច់នៃការបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និង ធ្វើឱ្យរដ្ឋ Rakhine មានស្ថេរភាពឡើងវិញ នៅពេលលោកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ានៅថ្ងៃពុធស្អែកនេះ។ នេះបើតាមមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្ត្រីរូបនេះដដែលនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ដូច្នេះថា៖ «លោក ធីល្លឺសុននឹងជួបពិភាក្សាការងារជាមួយលោកស្រី អោង សានស៊ូជី ក្នុងរដ្ឋធានីណៃពិដោរ នៅថ្ងៃពុធស្អែកនេះ ព្រមទាំងមានកិច្ចសន្ទនាដាច់ដោយឡែកនឹងថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ…ជាងនេះទៅទៀតនៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសនឹងផ្ដោតសំខាន់ លើកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យរដ្ឋ Rakhine មានស្ថេរភាពឡើងវិញ, ការបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ក៏ដូចជាការធានាសុវត្ថិភាពជូនប្រជាជនក្នុងតំបន់ ដើម្បីឱ្យជនភៀសខ្លួន រ៉ូហ៊ីងយ៉ាអាចត្រឡប់មកភូមិកំណើតរបស់ពួកគេ និងការដឹកនាំការស៊ើបអង្កេតដ៏គួរឱ្យទុកចិត្តមួយសំដៅស្វែងរកអ្នកទទួលខុសត្រូវ ជាដើម»

គួរបញ្ជាក់ថា គិតចាប់តាំងពីជម្លោះនៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពីខែសីហាមក ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាច្រើនជាង ៦០០,០០០នាក់ បានប្រថុយជីវិតរត់ភៀសខ្លួនទៅកាន់ទឹកដី បង់ក្លាដែស រីឯក្រុមមន្ត្រីសិទ្ធិមនុស្ស UN ក៏បានចោទប្រកាន់ផងដែរថាយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើបោសសំអាតជនជាតិដើមភាគតិចមួយនេះ ប៉ុន្តែខាងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយមកលើខ្លួន៕

You might also like More from author