អស់​ទាស់! ពិធី​ជប់​លៀង​អប​អរ​ខួប​​​១​ឆ្នាំ​ពេល​លោក ដូណាល់ ត្រាំ ឡើង​​​តំ​ណែង​ប្រ​ធា​នា​ធិបតី​អា​មេរិក​​ មាន​តម្លៃ​សំបុត្រ​​រហូត​ដល់ ១​សែន​ដុល្លារ ​

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នឹងរៀបចំពិធីជប់លៀងមួយ នៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លូរីដា ដើម្បីប្រារព្ធខួបមួយឆ្នាំគត់ នៃការស្បថចូលកាន់ដំណែង ជាប្រធានាធិបតីអាមេរិក ហើយសំបុត្រចូលរួមក្នុងពិធីនេះ មានតម្លៃចាប់ពី ១០០,០០០ដុល្លារឡើងទៅ សម្រាប់ មនុស្សពីរនាក់។ នេះបើតាម Bloomberg ដកស្រង់ដោយ សារព័ត៌មាន CNBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

យោងតាម Bloomberg តម្លៃសំបុត្រខាងលើនឹងត្រូវចំណាយ សម្រាប់ការទទួលទានអាហារពេលល្ងាច នៅពិធីជប់លៀងនៅថ្ងៃសៅរ៍នេះ បូករួមទាំងការថតរូបជាមួយលោក ដូណាល់ ត្រាំ។ បន្ថែមពីលើនេះ គូស្វាមីភរិយាអាចចំណាយប្រាក់ ១៥០,០០០ដុល្លារ ដើម្បីបានឱកាសអង្គុយតុមូលមួយ។ លោក ត្រាំ ធ្លាប់ត្រូវបានគេរាយការណ៍ថា គ្រោងនឹងរៀបចំពិធីជប់លៀងនេះ កាលពីខែវិច្ឆិកាមកម្ល៉េះ ដើម្បីរំលឹកដល់ខួបមួយឆ្នាំគត់ នៃការស្បថកាន់តំណែងរបស់លោក ក្រោយឈ្នះក្នុងការឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា បើតាម Bloomberg លោក ដូណាល់ ត្រាំ នឹងចាកចេញទៅកាន់រម្មណីយដ្ឋាន Mar-a-Lago នៅព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីត្រៀមខ្លួនទទួលភ្ញៀវកិត្តិយសនានា ដែលនឹងមកចូលរួមកម្មវិធីជប់លៀងដ៏ឱឡារឹកខាងលើនេះ៕

You might also like More from author