សម្តេច ប៉ាប ហ្វ្រង់ស៊ីល ​អំពាវ​នាវ​​ឲ្យ​បញ្ឈប់​​រាល់​អំពើ​​ហិង្សា និង​ថ្កោល​ទោស​​ការ​សម្លាប់​រង្គាល​ ជន​ជាតិ​​ប៉ាឡេស្ទីន​​

- Advertisement -

(វ៉ាទីកង់)៖ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នាថ្ងៃពុធនេះ​បានថ្លែងថ្កោលទោស​ធ្ងន់ៗ ទៅលើការ​សម្លាប់ជីវិតជនជាតិ​ប៉ាឡេស្ទីន នៅក្បែរព្រំដែន​​​ហ្គាហ្សា-អ៊ីស្រាអែល ដោយថា​ ការធ្វើបែបនេះ​នឹងនាំទៅរក​ឲ្យមានការផ្ទុះអំពើ​ហិង្សាកាន់​តែអាក្រក់ ហើយសម្តេច​ក៏បានទទូចឲ្យ​មានការ​បើកកិច្ច​សន្ទនាចរចា ដើម្បីនាំយក​យុត្តិធម៌ និងសន្តិភាព ជូនដល់តំបន់​មជ្ឈិមបូព៌ា​ផងដែរ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី​​សារ​ព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងទៅកាន់​ទៅមនុស្ស​រាប់ពាន់នាក់ ដែលបានជួបជុំគ្នា​នៅឯទីលាន សង់ភីធើ (Saint Peter’s Square) សម្តេច ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូល​យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែង​ក្តីឈឺចាប់​យ៉ាងក្តុកក្តួល​ក្នុងចិត្ត ចំពោះអ្នកដែល​បានស្លាប់ក៏ដូច​ជារងរបួស ហើយខ្ញុំសូមធ្វើ​ការបួងសួង និងផ្តល់ក្តីស្រឡាញ់​​ ព្រមទាំងការអាណិតអាសូរដល់​អ្នកទាំងអស់ ដែលកំពុងរង​ទុក្ខហ្មងសៅ។ រូបខ្ញុំសូមបញ្ជាក់ជាដដែលៗថា ការប្រើអំពើ​ហិង្សានឹងគ្មានថ្ងៃនាំ​ទៅរក​សន្តិភាពនោះ​ឡើយ ព្រោះថា​សង្រ្គាមបង្កើត​សង្រ្គាម ហើយហិង្សា​បង្កើត​ហិង្សា»។

គួរជម្រាបថា កងទ័ព​អ៊ីស្រាអែល បានបាញ់សម្លាប់​ជនជាតិប៉ាឡេស្ទីនចំនួន ៦០នាក់ នៅក្បែរព្រំដែន​ហ្គាហ្សា-អ៊ីស្រាអែល កាលពីថ្ងៃចន្ទ​​ដើមសប្តាហ៍នេះ នាអំឡុងនៃ​ការធ្វើបាតុកម្ម ប្រឆាំងនឹងការបើក​សម្ពោធជា​ផ្លូវការ នូវស្ថានទូត​​អាមេរិក ដែលបានរើ​ពីទីក្រុង​តែលអាវីវ ទៅ​កាន់ទីក្រុង​ហ្សេរុយសាឡឹម​វិញ៕

You might also like More from author