ក្នុង​គ្រោះ​​មហន្ត​រាយ​ ទឹក​ជំនន់ ​ដ៏អាក្រក់​នៅ​ជប៉ុន! ​ចំនួន​មនុស្ស​​ស្លាប់ ​កើន​​យ៉ាងគំហុក​​ដល់ ​១៣០​នាក់ ​និង ​៦៣នាក់​បាត់ខ្លួន

- Advertisement -

(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានកើនដល់ ១៣០នាក់ហើយ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងពន្លឿនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ៦៣នាក់ ផ្សេងទៀតនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ប្រតិបត្តិការរុករក និងជួយសង្រ្គោះ បាននិងកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត នៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំងដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមានមនុស្សច្រើនជាង ៤០នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួន ទៀតរួមមានខេត្ត អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី និងសាហ្គា។

បន្ថែមពីលើនេះ មនុស្សជាច្រើននាក់ ក៏ត្រូវបានគេជឿជាក់ផងដែរថា កំពុងនៅជាប់គាំងក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និងជន់លិច ខណៈសេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ត្រូវដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន ១៩។

ដោយឡែកអាជ្ញាធរជប៉ុនមិនទាន់វាយតម្លៃ អំពីការខូតខាតទំហំសេដ្ឋកិច្ចនៅឡើយទេ តែបានឱ្យដឹងថា វាការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ ដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនីប្រើប្រាស់ និងរាប់សិបខ្នង ទៀតគ្មានទឹកស្អាតប្រើប្រាស់។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេស ប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ៕

You might also like More from author