​ម្ចាស់ភាគ​ហ៊ុនធំ​ចំនួន៤ ស្នើឱ្យដក លោក Mark Zuckerberg​ ចេញពី​តំណែង​ជាប្រធាន​ក្រុមហ៊ុន Facebook

- Advertisement -

(វ៉ាស៊ីនតោន)៖ ម្ចាស់ភាគហ៊ុនធំចំនួន៤ នៅក្នុងក្រុមហ៊ុន Facebook បានស្នើក្រុមប្រឹក្សានាយក ដកនាយកប្រតិបត្តិ (CEO) បច្ចុប្បន្ន លោក Mark Zuckerberg ចេញពីតំណែងជាប្រធានក្រុមហ៊ុន ជាមួយការរំពឹងថានឹងទទួលបាន ការគាំទ្រពីម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគដទៃទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ម្ចាស់ភាគហ៊ុនធំទាំង៤ខាងលើ មកពីរដ្ឋ Illinois, Rhode Island, Pennsylvania និង រដ្ឋ New York City បាន ដាក់សំណើដកតំណែង លោក Zuckerberg នៅថ្ងៃពុធសប្ដាហ៍នេះ។ ការលើកឡើងនូវសំណើនេះទៀតសោត ធ្វើឡើងនៅក្នុងបរិបទដែលក្រុមហ៊ុន Facebook កំពុងជាប់ផុងក្នុងរឿងអាស្រូវលេចធ្លាយព័ត៌មានឯកជនរបស់អ្នក ប្រើប្រាស់ ជាពិសេសក្រោយត្រូវក្រុម Hackers លុកលុយ ដែលធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនយក្សមួយនេះធ្លាក់ចុះ ជាបន្តបន្ទាប់។

តែទោះជាយ៉ាងនេះក្ដី ម្ចាស់ភាគហ៊ុនទាំងនេះ អះអាងថាសំណើនេះនៅតែជាឯកសារមួយដើម្បីទាក់ទាញចំណាប់ អារម្មណ៍លើបញ្ហារបស់ Facebook និងពីរបៀបដោះស្រាយតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការស្នើដកតំណែង លោក Zuckerberg គឺមានសង្ឃឹមតិចតួចណាស់ ដោយសារតែ CEO រូបនេះ មានអំណាចធំក្នុងការបោះឆ្នោត សម្រេចនៅក្នុងក្រុមហ៊ុន Facebook ព្រមទាំងកំពុងកាន់កាប់ ៧៥ភាគរយនៃភាគហ៊ុនលំដាប់ B ពោលគឺមាន ភាគហ៊ុនច្រើនជាង១០ដង បើធៀបទៅនឹងម្ចាស់ភាគហ៊ុនដទៃ។

គួរបញ្ជាក់ថា ម្ចាស់ភាគហ៊ុនជាច្រើនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញកំណើនប្រាក់ចំណូលយឺតយ៉ាវរបស់ ក្រុមហ៊ុន Facebook ក្រោយរងគ្រោះដោយការវាយប្រហារព័ត៌មានវិទ្យា និងការលេចធ្លាយព័ត៌មានឯកជនរបស់ អ្នកប្រើប្រាស់រាប់លាននាក់។ ចំណែកឯ អ្នកនាំពាក្យក្រុមហ៊ុន Facebook បានបដិសេធធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹង សំណើដកលោក Mark Zuckerberg ចេញពីតំណែង៕

You might also like More from author