​«NASA» បញ្ជាក់​ថា​ យាន​អវកាស New Horizons នឹង​ហោះ​ព័ទ្ធ​ជុំវិញ​អាចម៍​ផ្កាយ​​យក្ស​មួយ នៅដើម​​ឆ្នាំ២០១៩!

- Advertisement -

(អាមេរិក)៖ មកដល់ថ្ងៃទី២៤ ខែតុលា នេះ យានអវកាស New Horizons នៅតែកំពុងហោះទៅមុខយ៉ាងលឿនស្លេវ (៤០គីឡូម៉ែត្រក្នុងមួយវិនាទី) ក្រោយពីវាបានចាកចេញពីភពភ្លុយតូ កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ដើម្បីសំដៅឆ្ពោះទៅកាន់តំបន់ជាយបំផុត នៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space Ref នារសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ឆាប់ៗនេះក្រុមការងារតាមដានយាន New Horizons របស់អង្គការ NASA នឹងធ្វើការទាក់ទងទៅកាន់យាននេះម្តងទៀត មុខនឹងវាទៅដល់វត្ថុអវកាសធំមួយឈ្មោះ Ultima Thule ស្ថិតនៅតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ Kuiper Belt នៅអំឡុងដើមឆ្នាំ២០១៩ ព្រមទាំងធ្វើការហោះព័ទ្ធជុំវិញវត្ថុអវកាសនោះ ដើម្បីថតរូប និងស្រង់យកទិន្នន័យសំខាន់ៗដែលអំណោយផលដល់ការសិក្សាផងដែរ។

ការហោះព័ទ្ធជុំវិញ Ultima Thule នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ហើយវានឹងក្លាយជាការហោះព័ទ្ធជុំវិញវត្ថុអវកាស ស្ថិតនៅឆ្ងាយបំផុតមិនធ្លាប់មានយានណាបានធ្វើនោះឡើយពីមុនមក រួមទាំងយាន Voyager ទាំងពីរគ្រឿង។ សម្រាប់ថ្ងៃហោះព័ទ្ធជុំវិញនោះ ក្រុមការងាររបស់អង្គការ NASA ក៏នឹងមានការបើកទូលាយឲ្យមហាជន សួរសំនួរគ្រប់យ៉ាងពាក់ព័ន្ធនឹងបេសកកម្មរបស់ New Horizons ផងដែរ។

កាលពីថ្ងៃទី០២ ខែតុលា អង្គការ NASA ធ្លាប់បានប្រកាសថា ការហោះព័ទ្ធជុំវិញអាចម៍ផ្កាយយក្ស Ultima Thule នឹងត្រូវធ្វើឡើងនៅរយៈពេល ១០០ថ្ងៃទៀត ពោលគឺនៅចំថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។ Ultima Thule មានមុខកាត់ជិត ៤០គីឡូម៉ែត្រ ស្ថិតនៅគោចរឆ្ងាយពីភពភ្លុយតូប្រមាណ ១.៦ពាន់លានគីឡូម៉ែត្រឯណោះ (ភ្លុយតូបច្ចុប្បន្នមានចម្ងាយពីព្រះអាទិត្យ ៤.៤ពាន់លានគីឡូម៉ែត្រ)។

យានអវកាស New Horizons នឹងគោចរជុំវិញ Ultima Thule ក្នុងរយៈចម្ងាយជាង ៣,៥០០គីឡូម៉ែត្រ ហើយវានឹងប្រើប្រាស់កាមេរ៉ា Zoom ទៅរកផ្ទៃរបស់អាចម៍ផ្កាយយក្សនេះតែម្តង ទើបបញ្ជូនរូបភាពមកផែនដីវិញជាក្រោយ។ ក្រុមការងារ New Horizons ក៏បានសម្រេចជ្រើសរើសអាចម៍ផ្កាយ Ultima Thule ឬ2014 MU69 ព្រោះដោយសារវាស្ថិតក្នុងទីតាំងអំណោយផលមួយ នៅឆ្ងាយពីភ្លុយតូ ហើយមិនត្រូវការប្រើប្រាស់ឥន្ទនៈច្រើន ដើម្បីឲ្យ New Horizons ផ្លាស់ប្តូរគន្លងធ្វើដំណើររបស់វា ដើម្បីទៅជួបដុំថ្មអវកាសនេះឡើយ។

គួរបញ្ជាក់ថា យានអវកាស New Horizons ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីកាលពីឆ្នាំ២០០៦ និងទៅដល់ប្រព័ន្ធភពភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥។ យាននេះបានថតរូបពិតមិនធ្លាប់មានរបស់ភពភ្លុយតូ ក្រោយពីភពបម្រុងនេះត្រូវបានតេឡេស្កូបលើផែនដីរកឃើញកាលពីឆ្នាំ១៩៣០។ ភពភ្លុយតូបានរបូតនាមជាភពទី៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យកាលពីឆ្នាំ២០០៦ ដោយសារតែវាមានទំហំតូចពេក និងមានគន្លងល្អៀងគោចរជុំវិញព្រះអាទិត្យ បើធៀបនឹងភពទាំង៨ទៀត៕

You might also like More from author