​ព្រះ​នាង​ម្ចាស់​ជប៉ុន «Ayako» សុខ​​ចិត្ត​ចាក​ចេញ​ពី​ក្រុម​​គ្រួសារ​​​​រាជវង្ស​ ដើម្បី​រៀបការ​ជាមួយ​​ជន​សាមញ្ញ​​​តាម​​បំណង​ប្រាថ្នា!​

- Advertisement -

(តូក្យូ)៖ នៅទីបំផុតព្រះនាងម្ចាស់ អាយ៉ាកុ (Ayako) បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក កេអ៊ិ ម៉ីរិយ៉ា (Kei Moriya) ហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅឯទីសក្ការៈមីអ៊ីជិ (Meiji Shrine) ក្នុងទីក្រុងតូក្យូដែលនេះមានន័យថា ព្រះនាងបានសម្រេចចិត្តបោះបង់ចោលតំណែងជាព្រះនាង និងចាកចេញពីគ្រួសាររាជវង្សជប៉ុនទៅរស់ជាជនសាមញ្ញ ជាមួយបុរសដែលខ្លួនស្រឡាញ់។ នេះបើតាមការចេញផ្សាយដោយ

សារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

ព្រះនាង Ayako មានព្រះជន្ម ២៨វស្សា ជាបុត្រីទី ៣ នៃបងប្អូនជីដូនមួយរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) គឺព្រះអង្គម្ចាស់ តាម៉ាណាដូ (Takamado) ហើយព្រះនាងបានសម្រេចចិត្តរៀបការជាមួយលោក Kei Moriya មានអាយុ ៣២ឆ្នាំ និងជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Nippon Yusen។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ ព្រះនាងបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជា រីករាយណាស់ដែលរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់ និងបានឃើញមនុស្សជាច្រើនចូលរួម និងអបអរសាទរដល់ពួកយើង»។

សែរាជវង្សជប៉ុនត្រូវបានផ្ដល់សេរីភាព ឱ្យរៀបការជាមួយមនុស្សដែលខ្លួនជ្រើសរើស។ ក៏ប៉ុន្តែបើតាមទំនៀមទម្លាប់រាជវង្សជប៉ុន ព្រះនាង Ayako ត្រូវបោះបង់ចោលតំណែងជាព្រះនាង ដោយសារតែរៀបការជាមួយជនសាមញ្ញ ហើយដែលនេះ គឺជាការអនុវត្តលើស្ត្រីនៅក្នុងសែរាជវង្សជប៉ុន។ ម្យ៉ាងវិញទៀត ក្រោយចុះហត្ថលេខាលើលិខិតរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ ព្រះនាងនឹងត្រូវប្ដូរឈ្មោះទៅជា អាយ៉ាកុ ម៉ូរិយ៉ា (Ayako Moriya) វិញ។

គួរបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុន Akihito គឺធ្លាប់ជាព្រះអង្គម្ចាស់រាជទាយាទជប៉ុនដំបូងគេបំផុត ដែលបានរៀបការជាមួយជនសាមញ្ញ នោះគឺម្ចាស់ក្សត្រីបច្ចុប្បន្ន មីជិកុ (Michiko) ហើយទ្រង់ទាំងពីរបានស្គាល់គ្នា នៅពេលចូលរួមទស្សនាការប្រកួតកីឡាវាយ tennis៕

You might also like More from author