ក្រុម «Hackers» ស្និទ្ធនឹង​កូរ៉េ​ខាងជើង កំពុង​​ធ្វើការ​វាយប្រហារ​​ព័ត៌មាន​វិទ្យា និង​លួច​លុយ​ពីទូរ «ATM» ទូទាំង​ពិភពលោក! (Video Inside)

- Advertisement -

(ម៉ូស្គូ)៖ ក្រុម Hackers ឈ្មោះ ឡាហ្សារើស (Lazarus Group) ដែលត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងជាមួយកូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចលុយចេញពីទូរ ATM នៅតាមបណ្ដាប្រទេសជាច្រើន។ នេះបើតាមរបាយការណ៍ថ្មីមួយដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ តី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

របាយការណ៍ថ្មីមួយចេញផ្សាយដោយក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យា ស៊ីមិនតិច (Symantec) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចោទប្រកាន់ក្រុម Lazarus ថា កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការវាយប្រហារឈ្មោះ «FASTCash» ដែលមានគោលដៅលើទូរ ATM នៅតាមបណ្ដាប្រទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុន Symantec បានបន្ថែមថា កាលពីឆ្នាំ២០១៧ ក្រុម Lazarus បានវាយប្រហារព័ត៌មានវិទ្យាជាមួយកម្មវិធីវីរុស Trojan.Fastcash ដើម្បីលួចលុយរាប់លានដុល្លារចេញពីទូរ ATM ក្នុងប្រទេសចំនួន ៣០ ផ្សេងពីគ្នា និងនៅឆ្នាំ២០១៨ នៅក្នុងប្រទេសចំនួន ២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុនមួយនេះក៏បានអះអាងដែរថា តាមរយៈកម្មវិធីវីរុស Trojan.Fastcash ក្រុម Hackers កូរ៉េខាងជើងបានបង្កើត និងបញ្ជូនសំណើដកលុយក្លែងក្លាយទៅកាន់ធនាគារ ដែលអនុញាតឱ្យពួកគេលួចលុយចេញពីទូរ ATM។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Symantec Lazarus Group គឺជាក្រុម Hackers ដ៏សកម្មមួយក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងស៉ើបការណ៍សម្ងាត់ ហើយមិនតែប៉ុណ្ណោះក្រុមមួយនេះ ក៏ត្រូវបានគេចោទថា មានជាប់ពាក់ព័ន្ធនឹងការ Hack ក្រុមហ៊ុន Sony Pictures កាលពីឆ្នាំ២០១៤ និងបង្កើតកម្មវិធី WannaCry ជំរិតទារប្រាក់ពីអ្នកប្រើប្រាស់កុំព្យូទ័រ កាលពីឆ្នាំ២០១៧ ផងដែរ៕

You might also like More from author