អ្នក​វិទ្យាសាស្ត្រ​ ​រក​​ឃើញ​​ផ្កាយ​មួយ​​ដួង មាន​អាយុ​ ១៣.៥ពាន់​​លាន​ឆ្នាំ ​បាន​​កើត​ក្រោយ​​បន្ទុះ «Big Bang» តែ​បន្តិច​ប៉ុណ្ណោះ!

- Advertisement -

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តបានអះអាងថា ពួកគេបានរកឃើញផ្កាយមួយដួង ដែលទំនងជាមានអាយុ ១៣.៥ពាន់លានឆ្នាំ ពោលគឺវាកើតនៅក្រោយព្រឹត្តិការណ៍បន្ទុះ Big Bang តែបន្តិចប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ផ្កាយខាងលើដែលមានឈ្មោះដ៏វែងអន្លាយ 2MASS J18082002–5104378 B ត្រូវអ្នកវិទ្យាសាស្រ្តរំពឹងថា នឹងជួយការបង្កើនការយល់ដឹងថែមទៀត ជុំវិញសម័យកាលដំបូងៗនៃការបង្កើតចក្រវាឡ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ផ្កាយនេះ គឺគន្លងគោចរយ៉ាងចម្លែករបស់វា។ មិនដូចផ្កាយដែលសម្បូរទៅដោយធាតុស្រាលៗដទៃទៀតឡើយ ផ្កាយនេះធ្វើដំណើរមិនចម្ងាយពីតំបន់ Galactic Plane ដែលជាកន្លែងប្រមូលផ្តុំម៉ាស់របស់កាឡាក់ស៊ី ដូចនឹងព្រះអាទិត្យយើងទៅវិញ។

គួរជម្រាបថា ផ្កាយដែលសម្បូរធាតុស្រាលៗ និងមិនមានធាតុធ្ងន់ៗនេះ គឺជាមុខសញ្ញាតាមប្រមាញ់រកសម្រាប់ក្រុមតារាវិទូ ដោយសារតែពួកវាបានចាប់កំណើតឡើងក្រោយបន្ទុះ Big Bang តែបន្តិចប៉ុណ្ណោះ មុនពេលដែលផ្កាយជាច្រើនដែលបានផ្ទុះក្នុងបាតុភូត Supernova ហើយចែកចាយសារធាតុធ្ងន់ៗ នៅរាយប៉ាយពាសពេញចក្រវាឡ។

ខណៈកន្លងទៅអ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញផ្កាយចំណាស់ៗខ្លាំងមួយចំនួនដែរនោះ ផ្កាយទើបរកឃើញថ្មីនេះ មានទំហំតូចជាងផ្កាយមុនៗទាំងនោះឆ្ងាយ និងមានម៉ាស់ត្រឹម ១៤ភាគរយ នៃម៉ាស់របស់ព្រះអាទិត្យប៉ុណ្ណោះ ហើយពួកគេសង្ឃឹមថា ការរកឃើញថ្មីនេះនឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការអង្កេតលើផ្កាយចាស់ៗបែបនេះជាច្រើនផ្សេងទៀត៕

You might also like More from author