ផ្ទាំងគំនូរ​ដ៏កម្រ ដែលសល់​ពីសម័យ​រាជកាល «សុង» នឹងដាក់​លក់ដេញថ្លៃ នៅទី​ក្រុងហុងកុង (Video inside)

- Advertisement -

(ចិន)៖ ផ្ទាំងគំនូរដ៏កម្រមួយ ដែលសល់ពីសម័យរាជកាលសុង កំពុងតាំងបង្ហាញនៅឯសារមន្ទីរសិល្បៈ រ៉ក់បាន់ (Rockbund) នាទីក្រុងសៀងហៃ ដើម្បីរង់ចាំដល់ថ្ងៃដាក់លក់ដេញថ្លៃ នៅឯទីក្រុងហុងកុង។ ក្រៅពីផ្ទាំងគំនូរនោះទៅ ក៏មានផ្ទាំងគំនូរបុរាណចិនរាប់សិបទៀតដែរ ដែលកំពុងដាក់តាំងបង្ហាញ។

ផ្ទាំងគំនូរដ៏កម្រនេះ បានគូរឡើងដោយវិចិត្រករដ៏ល្បីឈ្មោះថា ស៊ូ ស៊ឺ នាសម័យរាជកាល សុង នាចន្លោះឆ្នាំ៩៦០ ដល់១១២៧។

ដោយមានចំណងជើងថា «ឈើ និងថ្ម» ផ្ទាំងគំនូរនេះបង្ហាញអំពីមែកឈើដែលឈរអមនឹងដុំថ្មមួយដុំ ដែលមានរូបរាងដ៏ចម្លែក។ គំនូរនេះ ក៏មានអក្សរឆ្លាក់របស់កំពូលអ្នកឆ្លាក់អក្សរមួយចំនួននារាជកាល សុង ដូចជា មីហ្វ៊ូ លាវឡាងជួរ យូស៊ីលូ និង គ័រឆាង ជាដើម។

កន្លែងលក់ដេញថ្លៃបានឲ្យដឹងថា ផ្ទាំងគំនូរ «ឈើនិងថ្ម» នេះនឹងស្ថិតក្នុងចំណោមស្នាដៃដ៏សំខាន់បំផុត នៃប្រវត្តិសាស្ត្រនៃការលក់ដេញថ្លៃ។

លោក សៀរ ហ្វ័យ អ្នកឯកទេសផ្នែកសិល្បៈ ក្រុមហ៊ុនលក់ដេញថ្លៃ Christie’s និយាយថា «ផ្ទាំងគំនូរ ឈើនិងថ្ម គឺជាវត្ថុដ៏មានតម្លៃខ្លាំងណាស់ នាជំនាន់ឆ្នាំ១៩៣០។ ហើយវាប្រហែលជាមានតម្លៃខ្លាំងបំផុត នាដើមសម័យរាជកាល មីង។ ក្នុងនាមជាបុគ្គលិកដ៏ឆ្នើមក្នុងវិស័យសិល្បៈរបស់ប្រទេសចិន ស្នាដៃរបស់វិចិត្រករ ស៊ូ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់កវីនិងសិល្បៈករជាច្រើន នាសម័យរាជកាល យ័ន រាជកាល មីង និង រាជកាល ឈីង»

ការតាំងបង្ហាញនេះ មានបង្ហាញស្នាដៃសិល្បៈប្រហែល៦០មុខដែលមានលក្ខណៈចម្រុះគ្នា ទាំងបែបបុរាណនិងសហសម័យ ទាំងគ្រឿងសេរ៉ាមិច និងស្នាដៃសិប្បកម្មចម្រុះប្រភេទគ្នាផងដែរ។ អ្នករៀបចំកម្មវិធី បានឲ្យដឹងថា អ្នកដេញថ្លៃជនជាតិចិន បានចាប់អារម្មណ៍កាន់តែច្រើន ទៅលើស្នាដៃសិល្បៈបែបសហសម័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកនាង លាវ ជន នាយក ក្រុមហ៊ុន Christie’s ប្រចាំប្រទេសចិន និយាយថា «ឆ្នាំនេះ យើងបានលក់ដេញថ្លៃបានច្រើនបំផុត បើប្រៀបនឹង៦ឆ្នាំកន្លងទៅនេះ។ ការថ្លៃសរុបរបស់យើង ទទួលបានតម្លៃជាង២១លានដុល្លារអាមេរិក។ ហើយយើងសង្កេតឃើញថា អ្នកទិញជនជាតិចិន មានមនុស្សចម្រុះវ័យ ទាំងវ័យក្មេង វ័យកណ្ដាល និងវ័យចំណាស់។ ហើយពួកគាត់ និយមចង់ទិញស្នាដៃសិល្បៈដែលមានលក្ខណៈអរូបិយ ឬ ស្នាដៃបែបសហសម័យច្រើនជាង»

ស្នាដៃសិល្បៈទាំងអស់ ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត នឹងដាក់លក់ដេញថ្លៃចាប់ពីថ្ងៃទី២៣ ដល់ ២៥ខែវិច្ឆិកា នៅទីក្រុងហុងកុង៕ (សារព័ត៌មាន CCTV របស់ចិន)

You might also like More from author