ក្រុមការងារ​ NASA វេចខ្ចប់កែវ​​យឺតអវកាស James Webb ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត មុនត្រូវ​បាញ់​បង្ហោះ​នៅ​​ឆ្នាំ២០២១

(អាមេរិក)៖ ដោយត្រូវចល័តទៅកាន់ទីតាំងផ្សេងដើម្បីធ្វើតេស្តជាបន្តទៀតនោះ កែវយឺតអវកាស James Webb របស់អង្គការ NASA ត្រូវបានអ្នកវិទ្យាសាស្រ្តផ្តល់ការវេចខ្ចប់យ៉ាងពិសេសម៉្យាង ដើម្បីធានាការពារឧបករណ៍បច្ចេកវិទ្យា ដ៏ទំនើបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ rdmag.com នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

គ្រប់ផ្កាយរណប និងប្រព័ន្ធអង្កេតមើលទីអវកាស សុទ្ធតែត្រូវបង្កើតឡើងក្នុងបន្ទប់ពិសេសដែលគេហៅថា Cleanroom។ ក្នុងបន្ទប់ Cleanroom ទាំងនោះ ត្រូវបានសម្អាតចេញនូវរាល់វត្ថុធាតុដែលបំពុលផ្សេងៗ ពីព្រោះថាសូម្បី តែកម្ទេចធូលីដ៏តូចមួយ ឬក៏ស្នាមក្រយៅដៃ អាចធ្វើឲ្យឧបករណ៍ងាយរងការប៉ះពាល់ទាំងអស់នោះ ខូចបានយ៉ាង ងាយដែរ។ ដូច្នេះហើយដើម្បីផ្លាស់ទីឧបករណ៍ទាំងនោះ ពីកន្លែងមួយទៅមួយ ពួកវាត្រូវក្រោមការវេចខ្ចប់ដែលគេ ហៅថា Mobile Cleanroom។

គួរជម្រាបថា នៅពេលកែវយឺតអវកាស James Webb ត្រូវបាញ់បញ្ជូនឡើងទីអវកាសកាលពីឆ្នាំ២០២១ វាត្រូវគេរំពឹងថា នឹងជួយអ្នកវិទ្យាសាស្រ្តបកស្រាយអាថ៌កំបាំងសំខាន់ៗនៃចក្រវាឡ រួមជាមួយការបង្កើតរបកគំហើញរាប់មិនអស់។ កែវយឺតនេះត្រូវបានគេគ្រោងបាញ់បង្ហោះតាំងតែពីឆ្នាំ២០១៥ តែក្រោយមកត្រូវបានពន្យារពេលមកឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ និងចុងក្រោយគឺនៅឆ្នាំ២០២១ ខាងមុខនេះតែម្តង។

បញ្ហាចម្បងដែលបានធ្វើឲ្យអង្គការ NASA ពន្យារពេលម្តងហើយម្តងទៀតនោះ គឺដោយសារវាមានទំហំធំធេងពេក (បើលាតត្រដាងខ្លួនអស់ គឺប៉ុនទីលានវាយតេនីសតូចមួយ) ដែលពិបាកក្នុងវេចខ្ចប់ដាក់ក្នុងរ៉ុក្កែត ដើម្បីបាញ់បង្ហោះ ទៅកាន់ទីអវកាសណាស់ ហើយមួយវិញទៀត ប្រព័ន្ធដំណើរការនៅលើវាក៏ហាក់មិនទាន់រលូន ទៅតាមគំរោងនោះដែរ ទើបក្រុមជំនាញផលិត និងគ្រប់គ្រងកម្មវិធី James Webb ត្រូវការពេលបន្ថែមទៀត៕

You might also like More from author