Apple ចាប់ដៃ​ជាមួយ Samsung ដើម្បី​បំពាក់​កម្មវិធី iTunes នៅលើ Smart TV របស់​ក្រុមហ៊ុន​កូរ៉េ​មួយនេះ

(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានឱ្យដឹងថា នឹងបន្ថែមកម្មវិធីថ្មីមួយនៅលើ ទូរទស្សន៍ វៃឆ្លាត ឬ Smart TV របស់ខ្លួននៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលមាតិកាដែល បានទិញនៅលើកម្មវិធី iTunes របស់ក្រុមហ៊ុន Apple។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

នៅក្រោមកិច្ចព្រមព្រៀងត្រូវបានទម្លាយកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Samsung នឹងបន្ថែមកម្មវិធីថ្មីរបស់ ខ្លួនទៅ លើទូរទស្សន៍វៃឆ្លាត ដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក ក៏ដូចជាដំណើរការ iTunes movies និងកម្មវិធីទូរទស្សន៍ ដែលមានស្រាប់របស់ពួកគេព្រមទាំងអាចទិញ ឬជួលនូវមាតិកាថ្មីៗ (new content) ទៀតផង។

លើសពីនេះទៅទៀត Samsung ក៏បានបញ្ជាក់ដែរថា ខ្លួននឹងបន្ថែមកម្មវិធី AirPlay 2 នៅលើ Smart TV ដែលនឹង អនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទដៃ iPhone អាចទទួល ឬបញ្ជូនទិន្នន័យ ឬក៏មាតិកាពីទូរស័ព្ទដៃទៅកាន់ Samsung Smart TV ដែលនេះជាការបោះជំហានមួយថ្មីជាមួយក្រុមហ៊ុនយក្សកូរ៉េ ដែលធ្លាប់មានជម្លោះស្ទើរផ្ទុះពិភព បច្ចេកវិទ្យារវាងគ្នា។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីខាងលើត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីមួយរបស់ក្រុមហ៊ុន Apple ខណៈការលក់ទូរស័ព្ទដៃ iPhone បានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០១៨ ចំពោះមុខការកើនឡើង នៃឥទ្ធិពលទូរស័ព្ទដៃចិន។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនេះក៏ជាសញ្ញាដំបូងមួយផងដែរ ដែលក្រុមហ៊ុនម៉ាក សញ្ញាផ្លែប៉ោមមួយនេះ សម្លឹងមើលសក្តានុពលនៃការចែកចាយកម្មវិធីរបស់ Apple លើទូរទស្សន៍ដែលជា ឧបករណ៍ផលិតដោយក្រុមហ៊ុនដទៃ៕

You might also like More from author