ម៉ិចស៊ីកូ «បញ្ជូន​ទ័ព​​ចូល​គ្រប់គ្រង​​ក្រុមហ៊ុន​​ប្រេង​ទាំងឡាយ» ដើម្បី​​ទប់ស្កាត់​​ការលួច​ប្រេង​ ដែល​​នាំ​​​ឲ្យ​រដ្ឋ​ខាតបង់​​​កន្លងមក!

(ម៉ិចស៊ីកូ)៖ យោធាម៉ិចស៊ីកូបានគ្រប់គ្រងរោងចក្រជាច្រើន របស់ក្រុមហ៊ុនប្រេងរដ្ឋ Pemex នៅក្នុងទីក្រុង គូលៀខេន (Culiacan) និង សាឡាមែនកា (Salamanca) ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមផ្នែកខ្លះនៃប្រទេសម៉ិចស៊ីកូកំពុងជាប់គាំង ដោយសារតែការលួចប្រេងឥន្ធនៈពីសំណាក់ក្រុមឧក្រិដ្ឋជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

នៅក្នុងទីក្រុង Salamanca ការត្រួតពិនិត្យលើបុគ្គលិករោងចក្រចម្រាញ់ប្រេងទាំងអស់ ត្រូវបានធ្វើឡើង មុននឹងអនុញ្ញាតឱ្យពួកគេចូល និងចេញពីរោងចក្រហើយមិនតែប៉ុណ្ណោះបុគ្គលិក ឬកម្មករនៅក្នុងរោងចក្រទាំងនេះ ក៏ត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃផងដែរ ដើម្បីទប់ស្កាត់ការទំនាក់ទំនងទំាងឡាយ ជាមួយក្រុមឧក្រិដ្ឋជនជំនាញខាងលួចប្រេង។ ដោយឡែកនៅឯទីក្រុង Culiacan យោធាម៉ិចស៊ីកូបានគ្រប់គ្រង រាល់រោងចក្រចម្រាញ់ប្រេងនៃក្រុមហ៊ុន Pemex ហើយថាពួកគេអាចនឹងត្រូវប្រើពេលមួយខែ ក្នុងការរក្សា និងស្ដារសុវត្ថិភាពនៅតាមរោងចក្រប្រេងឡើងវិញ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការផ្គត់ផ្គង់ប្រេងឥន្ធនៈត្រូវបានរំខាន ឬជាប់គាំង នៅតាមស្ថានីយឥន្ធនៈនៅក្នុងរដ្ឋចំនួន ០៦ ហើយព្រមពេលជាមួយគ្នា ប្រធានាធិបតីម៉ិចស៊ីកូទើបកាន់តំណែងថ្មីថ្មោង លោក អេនដ្រែស ម៉ានូអែល ឡូពែស អូប្រាដ័រ (Andres Manuel Lopez Obrador) បានត្រឹម និយាយថា រដ្ឋាភិបាលនឹងផ្លាស់ប្ដូរប្រព័ន្ធផ្គត់ផ្គង់ប្រេងបច្ចុប្បន្នសំដៅបញ្ចៀសការលួចប្រេង ស្របពេលអ្នកប្រើប្រាស់យានយន្ដជាច្រើន កំពុងខឹងសម្បារយ៉ាងខ្លាំង៕

You might also like More from author