យាន​តាក់​ស៊ី Nexus នឹង​ដំណើរ​ការនៅ​​ឆ្នាំ២០២៥ ដែល​អាច​ហោះ​ហើរ​បាន​ពេញ​​ទីក្រុង

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះប្រភេទ VTOL (ហោះហើរ និងចុះចតស្រដៀងឧទ្ធម្ភាគចក្រ) Bell ដែលកំពុងអភិវឌ្ឍន៍យានជំនិះហោះដឹកអ្នកដំណើរហៅថា «Nexus» បានប្រកាសឲ្យដឹងថា យានជំនិះដ៏អស្ចារ្យដូចក្នុងខ្សែភាពយន្តនេះនឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការតាមរយៈសេវាតាក់ស៊ី Uber នៅខ្ទង់ឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Spiutnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុន Bell បានបញ្ជាក់យ៉ាងដូច្នេះថា «នេះពុំមែនជារបស់ក្មេងលេងឡើយ។ នេះគឺជាយានជំនិះមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍សុត្ថិភាព និងមានផាសុខភាពក្នុងពេលធ្វើដំណើរជាមួយក្រុមគ្រួសាររបស់អ្នក»។ យានជំនិះ Nexus នឹងអាចដឹកអ្នកដំណើរបាន ០៥នាក់ ជាមួយទម្ងន់ប្រហែល ២៧២គីឡូក្រាម ហើយវាប្រើម៉ាស៊ីនលក្ខណៈ Hybrid។

ដោយឡែកបើតាមក្រុមហ៊ុន Uber វិញ មានតែយានជំនិះប្រភេទ VTOL ដែលប្រើថាមពលអគ្គីសនីទាំងស្រុងប៉ុណ្ណោះ នឹងត្រូវបញ្ចូលទៅក្នុងសេវាតាក់ស៊ីផ្លូវអាកាសរបស់ខ្លួន ប៉ុន្តែបានកត់សម្គាល់ថា គំរូយាន Nexus របស់ Bell គឺជំហានដំបូងដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅនេះ។

គួរជម្រាបថា យានជំនិះ Nexus នឹងប្រើកង្ហារចំនួន ០៦ ដើម្បីហោះឡើង និងចុះត្រង់ដូចឧទ្ធម្ភាគចក្រ ចេញពីដំបូងអគារ ឬក៏ទីតាំង Launch ដែលបានកំណត់ទុក៕

You might also like More from author