កន្លែង​អស្ចារ្យ​បំផុត​ទាំង​៧នេះ​ហើយ ធ្វើឲ្យ​ឌូបៃ​ក្លាយ​ជាទីក្រុង​​នៃ​អនាគត និង​​បែប​វិទ្យា​សាស្ត្រ​​ពិតៗ

(ឌូបៃ)៖ ទីក្រុងឌូបៃនៃប្រទេសអេមេរ៉ាត់អារ៉ាប់រួម អាចមានអត្ថន័យប្លែកៗពីគ្នាសម្រាប់បុគ្គលម្នាក់ៗ។ សម្រាប់អ្នកចូលចិត្តធ្វើដំណើរឡើងចុះតាមជើងយន្តហោះ វាគឺជាកន្លែង Transit ដ៏ធំមួយ និងជាជម្រកទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ Emirates រីឯសម្រាប់អ្នកជំនួញវិញ វាគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ នេះបើតាមការចុះផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ប៉ុន្តែសម្រាប់អ្នកដែលមានឱកាស បានមកដើរកម្សាន្តនៅទីក្រុងនេះជាលើកដំបូងវិញ គឺអាចនិយាយបានថា វាប្រៀបដូចជាទីក្រុងដ៏ទំនើបក្នុងរឿងវិទ្យាសាស្រ្តអនាគត ជាកន្លែងមិនគួរឲ្យជឿ ដែលមើលទៅអស្ចារ្យមែនទែន ដោយសារតែការអភិវឌ្ឍន៍កាន់តែខ្លាំង រួមជាមួយវត្តមាននៃសំណង់អគារខ្ពស់ស្កឹមស្កៃជាងគេលើលោក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់។

ដូច្នេះហើយបើមានឱកាសបានទៅដល់ទីក្រុងឌូបៃ ដែលជាគោលដៅទេសចរណ៍យ៉ាងទំនងមួយនោះ មានបទពិសោធន៍គួរឲ្យចាប់ចិត្តមួយចំនួន ដែលអ្នកទាំងអស់ពុំគួរឲ្យរំលងហួសទៅឡើយ។

១៖ អគារ Burj Khalifa ជាមួយកម្ពស់ប្រមាណ ៨២៨ម៉ែត្រ អគារ Burj Khalifa ដែលមាន ១៦៣ជាន់នេះ គឺជាសំណង់អគារខ្ពស់ជាងគេបង្អស់លើពិភពលោក។ អ្វីដែលពិសេសនោះ គឺលោកអ្នកអាចគយគន់ទេសភាព នៃទីក្រុងឌូបៃទាំងមូលបានពីជាន់ទី ១៤៨នៃអគារ។

២៖ អគារ Dubai Frame សំណង់ស្ថាបត្យកម្មនេះ មានរូបរាងដូចជាស៊ុមរូបថតយក្សមួយ ដោយវាមានកម្ពស់ដល់ទៅ ១៥០ម៉ែត្រ និងទទឹង ៩៣ម៉ែត្រ។ អ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងអគារនេះវិញ គឺផ្ទាំងស្រ្គីនប្រភេទ 360 Degree ដែលបញ្ចាំងរៀបរាប់ពីថ្ងៃអនាគតនៃទីក្រុងឌូបៃ ព្រមទាំងផ្ទាំងកញ្ចក់យើងដើរជាន់ពីលើ ដែលអាចមើលឃើញនូវទិដ្ឋភាពគួរឲ្យព្រឺខ្លួននៅខាងក្រោម។

៣៖ សួន Global Village ជាកន្លែងសម្រាប់ដើរកម្សាន្ត និងទិញឥវ៉ាន់ ជាពិសេសនៅពេលរាត្រី ដែលមានផ្ទៃដីទំហំប្រមាណ ០២គីឡូម៉ែត្រការេ។ នៅទីនេះមានសំណង់ចំនួន ៣០ ដែលបង្ហាញពីវប្បធម៌មកពី ៧៥ប្រទេស នៅជុំវិញពិភពលោក។

៤៖ កន្លែងកម្សាន្ត IMG Worlds of Adventure គឺជាប្រភេទ Theme Park បំពាក់ដោយម៉ាស៊ីនត្រជាក់ធំបំផុតលើលោក ដែលចែកជាតំបន់០៤ធំៗ សម្រាប់ការទស្សនា និងលេងកម្សាន្តរួមមានតំបន់ Cartoon Network, IMG Boulevard, the Lost Valley – Dinosaurs Adventure, និង MARVEL។

៥៖ សួនទឹក Aquaventure Waterpark ស្ថិតក្នុងផ្នែកនៃសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ Atlantis The Palm មាន ១,៥៣៩បន្ទប់ ដែលស្ថិតនៅជាយកោះសិប្បនិម្មិត The Palm Jumeirah ដែលរាងដូចដើមដូង។

៦៖ សួនសត្វក្រោមទឹក Dubai Aquarium & Underwater Zoo មានទីតាំងនៅក្នុងផ្សារទំនើប Dubai Mall ដោយសួននេះមានបណ្តោយប្រវែង ៥១ម៉ែត្រ ទទឹង ២០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ។ អាងទឹកយក្សចំណុះ ១០លានមីលីលីត្រនេះ មានផ្ទុកនូវសត្វសមុទ្រជាង ៣៣,០០០ប្រភេទ ហើយលោកអ្នកអាចទស្សនាសកម្មភាពរបស់ពួកវាបាន តាមរយៈផ្លូវរូងមួយប្រវែង ៤៨ម៉ែត្រ។

៧៖ មជ្ឈមណ្ឌលស្វែងយល់វប្បធម៌ Sheikh Mohammed បើសិនចម្ងល់អ្វីអំពីទីក្រុងឌូបៃ ពីអេមីរ៉ាត់អារ៉ាប់រួម ឬពីវប្បធម៌ ក៏ដូចជាទំនៀមទម្លាប់នៃតំបន់នេះផ្ទាល់ មជ្ឈមណ្ឌលនេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាគួរតែទៅ៕

You might also like More from author