ប្រធានាធិបតី​ម៉ិចស៊ីកូ៖ ខ្ញុំនឹងមិនចូលរួម​ពិភាក្សា​ពីរឿង​សង់​ជញ្ជាំង​ព្រំដែន​ឡើយ ព្រោះ​វាជា​បញ្ហា​ផ្ទៃក្នុង​របស់​សហរដ្ឋ​អាមេរិក

(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក Obrador បាននិយាយនៅថ្ងៃពុធនេះថាលោកមិនចូលរួមពិភាក្សាពីរឿង សាងសង់ជញ្ជាំងព្រំដែន ជាមួយលោក ដូណាល់ ត្រាំ ឡើយ ដោយសំអាងថាវាគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Obrador ដែលទើបតែឡើងកាន់តំណែងជាប្រធានាធិបតីម៉ិចស៊ីកូ កាលពីឆ្នូ ឆ្នាំ២០១៨កន្លងទៅ ធ្វើការកត់ សម្គាល់បែបនេះនៅក្នុង សន្និសីទសារព័ត៌មានមួយ និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន អះអាងថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើងនៅព្រំដែនភាគខាងត្បូងជាប់នឹងប្រទេសម៉ិចស៊ីកូ ហើយលោកបាន ទាមទារឲ្យសភាអនុម័តថវិកាដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។

នាឱកាសថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងចេញពីសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកត្រាំ បានលើកឡើងដូច្នេះថា៖ «ប្រជាជនអាមេរិកកំពុងរងគ្រោះដោយសារការធ្វើអន្តោប្រវេស ន៍ខុសច្បាប់យ៉ាង អនាធិបតេយ្យ។ ជញ្ជាំងព្រំដែនគឺពិតជាចាំបាច់បំផុត សម្រាប់ការរក្សាសន្តិសុខតាមព្រំប្រទល់ ដូច្នេះហើយតើ ត្រូវចាំយូរដល់ពេលណាទៀត ទើបសភាយល់ព្រមផ្តល់ថវិកាសម្រាប់គម្រោងដ៏សំខាន់នេះ»

គួរជម្រាបថា ចំនួនជនអន្តោប្រវេសន៍ដែលលួចឆ្លងចូលទឹកដីអាមេរិក បានថយចុះពី១.៦លាននាក់នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង ៤០០,០០០នាក់ នៅឆ្នាំ២០១៨។ ការសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ជនអន្តោ ប្រវេសន៍ខុសច្បាប់ ក៏មិនសូវមានទំនោរទៅប្រព្រឹត្តទៅបទល្មើសឡើយ បើធៀបនឹងជនដែលកើតនៅសហរដ្ឋ អាមេរិកផ្ទាល់នោះ។ កាលពីចុងសប្តាហ៍មុនសេតវិមានបានអះអាងថាភេរវកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ពេលកំពុងព្យាយាមឆ្លងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក៏ប៉ុន្តែតាមពិតទៅ មានតែប៉ុន្មាននាក់ប៉ុណ្ណោះត្រូវឃាត់ខ្លួន នៅឯព្រលានយន្តហោះនោះ៕

You might also like More from author