ទីក្រុង L.A. នៃរដ្ឋ​​កាលីហ្វ័រញ៉ា​​ស្វាគមន៍ «ភ្ញៀរទេសចរ​ចិន​១.២លាននាក់» ក្នុងឆ្នាំ​២០១៨ ដោយ​សារ​ទំនាក់​ទំនង​​ល្អរវាង​ចិន និង​កាលីហ្វ័រញ៉ា

(អាមេរិក)៖ ទីក្រុងឡូសអាន់ជែឡេស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានទទួលស្វាគមន៍ភ្ញៀវទេសចរ ១.២លាននាក់ពីប្រទេសចិននៅឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងតួលេខឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំទៅមិញនេះ អ្នកទេសចរមកពីជុំវិញសកលលោកសរុប ៥០លាននាក់ធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដែលមានការកើនឡើង ៣.១ភាគរយធៀបនឹងឆ្នាំ២០១៧ ហើយវាក៏ជាសញ្ញានៃការរីកចម្រើនក្នុងវិស័យទេសចរណ៍សម្រាប់ទីក្រុងនេះ ក្នុងរយៈពេល ០៨ឆ្នាំជាប់ៗគ្នាផងដែរ ខណៈអ្នកទេសចរពីប្រទេសចិន ស្ថិតនៅ ក្នុងចំនួនកើនឡើង និងជួរមុខមួយផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលផ្នែកទេសចរណ៍ទីក្រុង Los Angeles បានបង្ហាញមោទនភាពជាខ្លាំង ដែលខ្លួន បានសម្រេចចិត្តត្រឹមត្រូវ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនកាលពី ១៣ឆ្នាំមុន ហើយបើកការិយាល័យដំបូង នៅរដ្ឋធានីប៉េកាំង។ បច្ចុប្បន្នស្ថាប័ននេះមានការិយាល័យសរុបចំនួន ០៤នៅលើទឹកដីចិន និងកំពុងមានគម្រោង ថា នឹងបើកបន្ថែមជាបន្តបន្ទាប់ទៀត នាពេលឆាប់ៗខាងមុខ៕

You might also like More from author