ប្រព័ន្ធ​ការពារ​មីស៊ីលស៊ីរី បាញ់​ទម្លាក់​​គ្រាប់​មីស៊ីល​​ជា​ច្រើន​គ្រាប់ ដែល​​អ៊ីស្រា​អែល​ផ្លោង​​សំដៅ​រក​រដ្ឋធានី​ដាម៉ាស់

(ដាម៉ាស់)៖ កងទ័ពអាកាសស៊ីរីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប និងបាញ់ កម្ទេចមីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់នៅព្រឹកព្រហាមថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន រដ្ឋឋស៊ីរី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដដែល យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ដោយ ប្រើប្រាស់ដែនអាកាសរបស់លីបង់ និងតំបន់ ហ្គាលីលី (Galilee) ដែលអ៊ីស្រាអែលកំពុងគ្រប់គ្រង។ ប៉ុន្តែទន្ទឹម គ្នានោះ ប្រព័ន្ធការពារមីស៊ីលរបស់ទ័ពអាកាសស៊ីរី ក៏បានប្រតិកម្មតបវិញភ្លាមដោយស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងនេះបានជាច្រើនគ្រាប់ផងដែរ ពីលើដែនអាកាសទីក្រុងដាម៉ាស់តែម្តង។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះយោធាអ៊ីស្រាអែល បានទទួលស្គាល់ពីការវាយប្រហារតាមផ្លូវអាកាស លើមូល ដ្ឋានអ៊ីរ៉ង់ជាច្រើនកន្លែងនៅ ក្បែរទីក្រុងដាម៉ាស់ ជាមួយការព្រមានស៊ីរីឱ្យបញ្ឈប់ការវាយប្រហារលើកងកម្លាំង និងទឹកដីអ៊ីស្រាអែលតទៅទៀត។

ម្យ៉ាងវិញទៀត នេះគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី ២ លើទីក្រុងដាម៉ាស់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ ពោលគឺចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន យោធាអ៊ីស្រាអែលបានបាញ់មីស៊ីលយ៉ាងសន្ធប់ លើទីតាំងជា ច្រើននៅទឹកដីស៊ីរី តែត្រូវបានប្រព័ន្ធផ្សព្វផ្សាយស៊ីរីអះអាងថា ការវាយប្រហារនេះត្រូវប្រព័ន្ធមីស៊ីលរបស់ខ្លួន ទប់ស្កាត់ទាន់ពេលវេលា៕

You might also like More from author