ប្រហែល​​ជាគ្មាន​​ភពទី ៩ ឬ X អ្វីនោះ​​ឡើយ នៅ​ក្នុង​​ប្រព័ន្ធ​​ព្រះអាទិត្យ​​នេះទេ

(អាមេរិក)៖ ភាពជ្រួលច្របល់អំពី Planet 9 ឬ X នារយៈពេលប៉ុន្មានឆ្នាំមកនេះ អាចនឹងត្រូវបញ្ចប់ បន្ទាប់ពីការ វិភាគថ្មីមួយដោយក្រុមអ្នកតារាវិទូត្រូវបានធ្វើឡើង ហើយលទ្ធផលនោះ គឺវាទំនងជាគ្មានភពទី ៩ នោះឡើយ ដោយភពណិបទូន នៅតែរក្សានាមជាភពទី ៨ និងចុងគេនៃប្រព័ន្ធព្រះអាទិត្យយើងដដែល។ នេះបើតាមការចេញ ផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

កាលពី១៣ឆ្នាំមុន ភពភ្លុយតូដែលត្រូវបានចាត់ទុកជាភពទី ៩ រាប់ទសវត្សរ៍ទៅហើយនោះ ត្រូវបានទម្លាក់ តំណែងមកនៅត្រឹមជាអាចម៍ផ្កាយយក្សលេខ 134340 ឬភពបម្រុងដែលយើងហៅថា Dwarf Planet ប៉ុណ្ណោះ ក៏ព្រោះតែគន្លងគោចរល្អៀងពីភពទាំង ៨ ផ្សេងទៀត ព្រមទាំងទំហំរបស់វាដែលតូចជាងព្រះច័ន្ទរបស់ យើងនោះ។

យ៉ាងណាក៏ដោយគំនិតអំពីភពទី ៩ ឬ Planet X ត្រូវបានលេចឡើងកាលពី ០៤ឆ្នាំមុន ដោយវាបានធ្វើឲ្យក្រុម អ្នកវិទ្យាសាស្ត្រ និងតារាវិទូច្រើនក្រុមនៅលើពិភពលោកធ្វើការស្វែងរកតាមរយៈការអង្កេតផ្ទៃមេឃ ដោយ ប្រើប្រាស់តេឡេស្កូបយក្សជាប់ជានិច្ច និងការគណនាដោយគណិតវិទ្យាថែមទៀត។ ជាលទ្ធផលបថមគេបែរ ជាបានរកឃើញ Farout កាលពីប៉ុន្មានសប្តាហ៍មុនទៅវិញ ដែលបានក្លាយជាវត្ថុអវកាសឆ្ងាយជាងគេបំផុត។

ប៉ុន្តែសម្រាប់ភពទី ៩ វិញនោះ គឺថ្មីៗនាដើមឆ្នាំ២០១៩ នេះសញ្ញាជាច្រើនបានលេចឡើង តាមរយៈការអង្កេត វត្ថុអវកាសធំៗ នៅក្នុងតំបន់ខ្សែក្រវ៉ាត់ Kuiper Belt នៅចុងប្រព័ន្ធព្រះអាទិត្យដូចជា Sedna និង 2012 VP113 ជាដើម ហើយគន្លងគោចររបស់វត្ថុធំៗទាំងនេះ នឹងមានការប្រែប្រួលចម្លែក ប្រសិនបើមានភពធំជាងផែនដី ១០ដង (ដែលគេអះអាងថា ជាងវត្តមានភពទី ៩) ស្ថិតនៅតំបន់នោះមែន។ ប៉ុន្តែវិទ្យាស្ថានបច្ចេកវិទ្យាកាលី ហ្វរញ៉ា របស់សហរដ្ឋអាមេរិកមិនបានអង្កេតឃើញបាតុភូតចម្លែកនេះឡើយ។

ដូច្នេះសរុបបាតុភូតដែលទើបត្រូវបានរកឃើញខាងលើនេះ ក្រុមតារាវិទូមួយក្រុមបានធ្វើការសន្និដ្ឋានតំណាក់ កាលដំបូងថា ភពទី ៩ ឬ X ដែលគ្រប់គ្នារំពឹងថា កំពុងលាក់ខ្លួននោះគឺអាចមិនមានវត្តមានដូចជាការ ស្រម៉ៃនោះ ឡើយ។ ទោះជាបែបនេះក្តី ក៏ពុំទាន់មានការសម្រេចចិត្តជារួមណាមួយនឹងត្រូវធ្វើឡើង ដើម្បីបញ្ឈប់ការតាម ប្រមាញ់ភពនេះជាសកលនោះដែរ៕

You might also like More from author