ថៃ៖ ប្រធានបក្ស​​មួយ​​អំពាវនាវ​ឲ្យគណៈ​កម្មការ​​បោះឆ្នោត​ជាតិ កុំទទួល​​ស្គាល់​​ព្រះនាង​ម្ចាស់ Ubolratana ជា​បេក្ខនាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​​ថៃ​​រក្សា​ជាតិ

(បាងកក)៖ មេដឹកនាំគណបក្សគំាទ្ររបបយោធានៅក្នុងប្រទេសថៃ នៅថ្ងៃសុក្រនេះបាននិយាយថា ការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ដែលជាព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) ជាបេក្ខជននាយករដ្ឋមន្ត្រីអាចនឹងរំលោភបំពានលើច្បាប់បោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ផៃប៊ូន នីធីតាវ៉ាន់ (Paiboon Nititawan) ជាមេដឹកនាំគណបក្សកំណែទម្រង់របស់ប្រជាជន (People’s Reform Party) បានប្រគល់លិខិតមួយច្បាប់ទៅកាន់គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ ជាមួយការអំពាវនាវឱ្យសម្រេចចិត្តជាថ្មីថា តើគួរតែផ្ដល់សុពលភាពលើការតែងតាំងព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សថៃរក្សាជាតិ (Thai Raksa Chart) ដែលស្និទ្ធនឹង អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែរឬយ៉ាងណា។

គួរជម្រាបថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងអនុម័ត ឬបដិសេធរាល់បេក្ខភាពណាមួយ នៅថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ៕

You might also like More from author