ឥណ្ឌា​​ ទទួល​ជោគជ័យ​ក្នុង​​ការធ្វើ​តេស្ត ​​មីស៊ីល​​កម្ទេច​​​រថក្រោះ «HeliNa» ដែល​បំពាក់​លើ​ឧទ្ធម្ភាគចក្រ

(ញូដេលី)៖ ឥណ្ឌាបានធ្វើតេស្តសាកល្បងដោយជោគជ័យ មីស៊ីលប្រឆាំងរថក្រោះហៅថា HeliNa ដែលសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រ នាថ្ងៃសុក្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រព័ន្ធសព្វាវុធខាងលើគឺជា ប្រភេទមីស៊ីលសម្រាប់បាញ់ពីលើផ្ទៃអាកាស នៃមីស៊ីលកម្ទេចរថក្រោះហៅថា Nag ហើយឈ្មោះរបស់វាថា HeliNa នេះគឺបានមកពីការរួមបញ្ចូលគ្នានៃពាក្យ Heli ពី Helicopter (ឧទ្ធម្ភាគចក្រ) និង Na ពី Nag។ អង្គការអភិវឌ្ឍន៍ និងស្រាវជ្រាវសព្វាវុធសម្រាប់វិស័យការពារជាតិឥណ្ឌា (DRDO) បានអភិវឌ្ឍន៍មីស៊ីល Nag ចាប់តាំងពីឆ្នាំ២០០៩មកម៉្លេះ ដោយចំណាយលុយខ្ទង់ ៤៧លានដុល្លារអាមេរិក។

គួរជម្រាបថា មីស៊ីលខាងលើធ្វើប្រតិបត្តិការដោយប្រើមុខងារ Lock on Before Launch ដែលមានរយៈចម្ងាយវាយប្រហារចន្លោះពី ០៤ ទៅ ០៧គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយជាងគេបង្អស់ ក្នុងចំណោមប្រភេទមីស៊ីល ដែលប្រើប្រាស់សម្រាប់ប្រឆាំងរថក្រោះនៅលើពិភពលោក។ បើធៀបជាមួយមីស៊ីល Javelin របស់អាមេរិក និង Spike របស់អ៊ីស្រាអែល ដែលប្រើមុខងារ Lock on Before Launch ដែរនោះ គឺពួកវាមានរយៈចម្ងាយត្រឹមតែ២.៥គីឡូម៉ែត្រប៉ុណ្ណោះ៕

You might also like More from author