លោក ដូណាល់ ត្រាំ សម្រេច​ជា​ចុង​ក្រោយ​ដោយ​យក​ទីក្រុង​ហាណូយ​របស់​វៀតណាម ធ្វើ​ជា​កន្លែង​ជួប​លោក គីម ជុងអ៊ុន នៅ​ចុង​ខែ​កុម្ភៈ​នេះ

(វ៉ាស៊ីនតោន)៖ មិនខុសពីការសន្និដ្ឋាននោះឡើយ គឺរដ្ឋធានីហាណូយ នៃប្រទេសវៀតណាមនឹងក្លាយជាទី កន្លែងស្វាគមន៍ ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈនេះតែម្តង។ នេះបើតាមសេចក្តីប្រកាសរបស់ សេតវិមានអាមេរិក ចេញផ្សាយដោយសារព័ត៌មាន សិង្ហបុរី Straits Times នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ក្នុងបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះផងដែរថា «តំណាងរបស់ ខ្មុំទើបតែបានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីបានរៀបចំជំនួបប្រកបដោយផ្លែផ្កា និងបានព្រមព្រៀងគ្នា អំពីកាលបរិច្ឆេទ ដែលត្រូវរៀបចំជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន។ វានឹងត្រូវធ្វើឡើងនៅទីក្រុងហា ណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ»

គួរបញ្ជាក់ថា ការប្រកាសយកទីតាំងជាក់លាក់នៅទីក្រុងហាណូយ ធ្វើជាកន្លែងជួបលោក គីម ជុងអ៊ុន នេះត្រូវ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានសម្រេចយកប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ដែលវា ក៏ស្របទៅតាមការចង់បានរបស់រដ្ឋាភិបាលវៀតណាម ដែលបានចេញមុខមុនគេ ក្នុងការស្វាគមន៍ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ ខណៈប្រទេសវៀតណាមត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងល្អជាមួយ កូរ៉េខាងជើងផង និងអាមេរិកផង៕

You might also like More from author