អាមេរិក រុស្ស៊ី និង​ចិន​​សុទ្ធ​តែ​​កំពុង​​ប្រជែង​គ្នា​​​ផលិត​មីស៊ីល ដែល​មាន​ល្បឿន​​លឿន​ជាង​​សំឡេង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងស្ថិតតែក្នុងការរត់ប្រណាំងជាមួយរុស្ស៊ី និងចិន ដើម្បីអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេង ដែលពិភពលោកទាំងមូលកំពុងចាប់អារម្មណ៍បំផុត។ នេះបើតាមការឲ្យដឹងពីកងទ័ពអាកាសអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

មេបញ្ជាការទ័ពអាកាសសហរដ្ឋអាមេរិក លោកស្រី ហ៊ឺធើ វាលសុន (Heather Wilson) បាននិយាយថា អាមេរិក កំពុងជិតសម្រេចបានការអភិវឌ្ឍមីស៊ីលប្រភេទ Hypersonic ដែលបានហោះក្នុងល្បឿនលឿនជាងលឿនសំឡេងដល់ទៅ ០៥ដង។ បើតាមលោកស្រី Wilson សហរដ្ឋអាមេរិកកំពុងតែខិតខំប្រឹងប្រែងកុំឲ្យចាញ់ប្រៀប ប្រទេសឯទៀតៗដូចជារុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍប្រភេទមីស៊ីលថ្មីៗ ជាពិសេសគឺមីស៊ីលលឿនជាងសំឡេង នេះ។

គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ រុស្ស៊ីបានបង្អួតពីសមត្ថភាពនៃមីស៊ីល ហៃភើសូនិក ក្លៃដឺ (Hypersonic Glider) ថ្មីរបស់ខ្លួនហៅថា អាវាំងហ្គាដ (Avanguard) ដែលអាចហោះលឿនជាងល្បឿនសំឡេងដល់ ២៧ដង (Mach 27) ឬស្មើនឹង ៣៣,០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការធ្វើតេស្ត។ រីឯចិនវិញក៏ត្រូវគេរាយការណ៍ថា បានធ្វើតេស្តជោគជ័យប៉ុន្មានលើករួចទៅហើយផងដែរ ចាប់តាំងពីឆ្នាំ២០១៤មក លើមីស៊ីលប្រភេទ Hypersonic ដែលអាចឈានដល់ល្បឿន ៥ និង ១០ដងលឿនជាងសំឡេង៕

You might also like More from author