រុស្ស៊ីគ្រោង​​បញ្ជូនមនុស្សទៅ​ដើរលើ​ឋាន​ព្រះច័ន្ទ នៅឆ្នាំ២០៣១​ខាងមុខនេះ ​ដើម្បីស្រាវជ្រាវ និងបង្កើតមូលដ្ឋាន​ដំបូង

(ម៉ូស្គូ)៖ ខណៈដែលចិន និងអាមេរិកកំពុងតែសកម្មបំផុត ក្នុងការស្រាវជ្រាវឋានព្រះច័ន្ទនោះ ប្រទេសរុស្ស៊ីវិញក៏មានផែនការរបស់ខ្លួនដែរ ប៉ុន្តែរហូតដល់ឆ្នាំ២០៣១ឯណោះ ទើបរុស្ស៊ីអាចបញ្ជូនអវកាសយានិក ទៅដើរនៅលើឋានព្រះច័ន្ទ និងធ្វើការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

បេសកកម្មខាងលើដែលកំពុងដឹកនាំដោយ វិទ្យាស្ថានផលិតកម្មម៉ាស៊ីន និងស្រាវជ្រាវកណ្តាលរុស្ស៊ី TsNIIMash បានឲ្យដឹងថា «គោលបំណងនៃបេសកកម្មនេះ គឺនាំមនុស្សទៅកាន់ព្រះច័ន្ទ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០៣១ ហើយអវកាសយានិកទាំងអស់ នឹងត្រូវហ្វឹកហ្វឹនជំនាញបំពេញប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្វីដែលពួកគេត្រូវធ្វើលើព្រះច័ន្ទនោះ…»។

គួរបញ្ជាក់ថា រុស្ស៊ីគ្រោងបញ្ជូនមនុស្សទៅដើរលើព្រះច័ន្ទនៅឆ្នាំ២០៣១ និងម្តងទៀតនៅឆ្នាំ២០៣២ ដើម្បីធ្វើតេស្តយានយន្តដែលត្រូវបំពាក់នៅទីនោះ។ បន្ទាប់មកទៀតនៅឆ្នាំ២០៣៣ អវកាសយានិកនឹងត្រូវធ្វើដំណើរទៅព្រះច័ន្ទក្នុងរយៈពេលយូរ ដើម្បីធ្វើការស្រាវជ្រាវ និងតេស្តគ្រឿងយន្តស្រាវជ្រាវ (រ៉ូបូត) នៅលើនោះផ្ទាល់។ ដោយឡែកការកសាងមូលដ្ឋានរុស្ស៊ីដំបូងលើឋានព្រះច័ន្ទ នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០៣៤ រហូតដល់ឆ្នាំ២០៣៥៕

You might also like More from author