ប្រជាជន​អេស៉្បាញ​រាប់ម៉ឺន​នាក់ ធ្វើ​បាតុ​កម្ម​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី​អេស៉្បាញ​ចុះចេញ​ពី​តំណែង ហើយ​​រៀប​ចំ​បោះឆ្នោត​​ជា​​ថ្មី​

(ម៉ាឌ្រីដ)៖ មនុស្សរាប់ម៉ឺននាក់នៅថ្ងៃអាទិត្យ បាននាំគ្នាចេញធ្វើបាតុកម្មនៅកណ្តាលរដ្ឋធានីម៉ាឌ្រីដ ក្រោមគោល ដៅទាមទារឲ្យនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Perdo Sanchez លាលែងពីតំណែង ហើយរៀបចំការបោះឆ្នោត សកលសាជាថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមការគណនារបស់រដ្ឋាភិបាលអេស៉្បាញ មនុស្សចំនួន៤៥,០០០នាក់ បានចូលរួមក្នុងក្បួនបាតុកម្មខាងលើ ខណៈក្រុមអ្នករៀបចំសកម្មភាពតវ៉ាទ្រង់ទ្រាយធំនេះ គឺបក្សស្តាំនិយម PP (People’s Pary) និងបក្ស Ciudadanos បានអះអាងថា តួលេខនៃអ្នកចូលរួមគឺប្រមាណ២០០,០០០នាក់ឯណោះ។ ក្រៅពីនេះ ក៏មានវត្ត មានរបស់គណបក្សនិងអង្គការស្តាំនិយមជ្រុលជាច្រើនផ្សេងទៀតផងដែរ។

គួរជម្រាបថា ក្នុងអំឡុងការធ្វើបាតុកម្មក្រុមអ្នកតវ៉ាបានរិះគន់លើរដ្ឋាភិបាលរបស់លោក Sanchez ដែលមាន បំណងចរចាកិច្ចព្រមព្រៀងជាមួយក្រុមចង់បំបែករដ្ឋនៃតំបន់កាតាឡូនី (Catalonia) ដោយពួកគេបានបញ្ជាក់ថា ភាពរួបរួមជាតិមិនអាចយកទៅចរចាបានឡើយ ហើយប្រជាជនអេស៉្បាញមិនអាចទទួលយកដាច់ខាត ចំពោះ អំពើក្បត់ឬការផ្តល់សម្បទានដទៃទៀតនោះទេ៕

You might also like More from author