រុស្ស៊ី​បញ្ចប់​​ការ​ធ្វើ​តេស្ត «ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​​អាកាស​នៅ​លើ​​​នាវា​ចម្បាំង»

(ម៉ូស្គូ)៖ អគ្គមេបញ្ជាការនៃកងទ័ពជើងរុស្ស៊ី លោក វ្ល៉ាឌីមៀ កូរ៉ូឡេវ (Vladimir Korolev) បានប្រកាសឲ្យដឹងថា ដំណាក់កាលនៃការធ្វើតេស្តសាកល្បង ប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាសហៅថា ប៉ូលីមិន រ៉េឌុត (Poliment-Redut) សម្រាប់បំពាក់នៅលើកងនាវាចម្បាំងប្រភេទ Project 22350 នោះ បានបញ្ចប់ជាស្ថាពរ ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រព័ន្ធមីស៊ីលការពារអាកាសខាងលើនេះ ត្រូវយោធារុស្ស៊ីអះអាងថា មានសមត្ថភាពបាញ់កម្ទេចគោលដៅនៅលើផ្ទៃអាកាស ដែលស្ថិតក្នុងរយៈចម្ងាយ ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់ ៣០គីឡូម៉ែត្រ។ ក្រុមនាវាចម្បាំង ហ្គសកូវ (Admiral Gorshkov) ឬក៏ Project 22350 របស់ប្រទេសរុស្សីអាចធ្វើដំណើរបានរយៈពេល ១៥ថ្ងៃ ដោយមិនចាំបាច់ត្រូវការការផ្គត់ផ្គង់ ឬក៏ឥន្ធនៈឡើយ។

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) បានប្រកាសថា ការបាញ់មីស៊ីលនៃប្រព័ន្ធការពារអាកាស Poliment-Redut ជាង ១០លើក ត្រូវបានធ្វើឡើងទៅលើគោលដៅចម្រុះ ក្នុងអំឡុងដំណាក់កាលធ្វើតេស្តនៅក្នុងកងអង្គភាពនាវាភាគខាងជើង (Northern Fleet) ដែលស្ថិតនៅជុំវិញតំបន់មហាសមុទ្រទឹកកកអាក់ទិច៕

You might also like More from author