មេរោគ​កំណាច Ebola នៅ​កុងហ្គោ​​មិន​ទាន់​ធូរ​ស្រាល​​ឡើយ ខណៈ​មនុស្ស​ជាង​​៥០០នាក់​ស្លាប់ និង​​រាប់​រយ​​នាក់​ទៀត​ផ្ទុក​ជំងឺ!

(កុងហ្គោ)៖ ក្មេងជិត ១០០នាក់បាត់បង់ជិវិត គិតចាប់តាំងតែពីជំងឺអេបូឡា (Ebola) បានផ្ទុះរីករាលដាលឡើង នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីឆ្នាំ២០១៨ ហើយមកទល់ពេលនេះពុំមានសញ្ញាធូរស្រាលឡើយ ដោយកាលពីខែមករាកន្លងទៅ ចំនួនករណីថ្មីបានកើនឡើងដល់ទៅទ្វេដង ខណៈចំនួនមនុស្សស្លាប់សរុបវិញគឺជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់ពីអង្គការសង្រ្គោះកុមារអន្តរជាតិ (Save the Children) ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការសង្គ្រោះកុមារ (Save the Children) កុមារសរុបចំនួន ៩៧នាក់បានស្លាប់ដោយសារជំងឺ Ebola គិតចាប់តាំងពីជំងឺដ៏កាចសាហាវនេះបានផ្ទុះឡើងកាលពីខែសីហា ឆ្នាំទៅមិញ ខណៈក្មេងៗក្នុងចំណោមនោះចំនួន ៦៥នាក់ គឺមានអាយុពុំដល់ ០៥ឆ្នាំផង។ ទន្ទឹមនឹងនេះ ចំនួនករណីថ្មីនៃអ្នកកើតជំងឺ Ebola បានស្ទុះឡើងខ្លាំងក្នុងខែមុន គឺពីប្រមាណត្រឹម ២០នាក់ ក្នុងមួយសប្តាហ៍ដល់ជាង ៤០នាក់ បើតាមអង្គការសង្រ្គោះកុមារ ហើយក្នុងអំឡុងបីសប្តាហ៍ចុងក្រោយនៃខែមករា គឺមានករណីថ្មីសរុប ១២០ ហើយនៃអ្នកឆ្លងវីរុស Ebola ថ្មីៗ។

គួរជម្រាបថា ជំងឺ Ebola ជាមធ្យមផ្តាច់ជិវិតអ្នកឆ្លងចំនួនពាក់កណ្តាល ខណៈករណីរីករាលដាលថ្មីចុងក្រោយនេះ មានអត្រាស្លាប់ខ្ទង់ ៦០ភាគរយ។ ម៉្យាងវិញទៀត នេះជាការឆ្លងរីករាលដាលដ៏ប្រល័យ និងធំបំផុតលំដាប់ទីពីរនៅក្នុងប្រវតិ្តសាស្រ្ត គឺក្រោមករណីរីករាលដាល Ebola នៅតំបន់អាហ្រ្វិកខាងលិចកាលពីឆ្នាំ២០១៤ តែមួយប៉ុណ្ណោះ នៅពេលជំងឺនេះបានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ បើតាមតួលេខរបស់អង្គការសុខភាពពិភពលោក។

សរុបមកករណីជំងឺ Ebola នៅកុងហ្គោមានចំនួន ៨០៦ករណី គិតចាប់ពីខែសីហា ឆ្នាំ២០១៨ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វ្រិកកណ្តាលនេះ មនុស្សសរុប ៥០៥នាក់ហើយបានស្លាប់៕

You might also like More from author