ស្ត្រីទី​បួន​មក​ពី​បក្ស​​ប្រជា​ធិបតេយ្យ​ «ប្រកាស​​ឈរ​ឈ្មោះ​​ជា​បេក្ខជន​​ប្រធានា​ធិបតី​​អាមេរិក» សម្រាប់​​ការ​បោះឆ្នោត​​ឆ្នាំ២០២០!

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកមួយរូបគឺលោកស្រី អាម៉ាយ ក្លូប៊ូចារ (Amy Klobuchar) ដែលត្រូវជាមន្ត្រីសំខាន់ មួយរូប នៃគណបក្សប្រជាធិបតេយ្យផងដែរនោះបានប្រកាសថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានា ធិបតីអាមេរិក តំណាងឲ្យរដ្ឋមីនណេសូតា (Minnesota) ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅឆ្នាំ ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកាសរបស់លោកស្រី Amy Klobuchar ត្រូវបានធ្វើឡើងនៅក្នុងកំឡុងនៃកិច្ចអត្ថាធិប្បាយមួយរបស់ខ្លួន នៅក្នុងទីក្រុងមីននាផូលីស (Minneaoplis) នៃរដ្ឋ Minnesota នៅចំពោះមុខបណ្តាអ្នកគាំទ្រ ដែលឈរគាំទ្រ លោកស្រីក្រោមស្ថានភាពធ្លាក់ព្រិល។ លោកស្រី Amy Klobuchar ត្រូវបានគេមើលឃើញថា បានជាប់ជា សមាជិកព្រឹទ្ធសភាក្នុងអាណត្តិទី ៣ យ៉ាងងាយស្រួល ព្រោះតែប្រជាប្រិយភាពរបស់លោកស្រី។

នាងឱកាសនោះលោក Klobuchar បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសជាតិរបស់យើងមិនត្រូវស្ថិតក្រោមការ ដឹកនាំដោយភាពកោលាហលនោះឡើយ ប៉ុន្តែគឺដោយឱកាស… ហើយក៏មិនមែនដោយការរិះគន់ ឬថ្កោល ទោសទៅលើអ្វីដែលខុសនោះដែរ ប៉ុន្តែដោយការដើរទៅលើផ្លូវដែលត្រឹមត្រូវមិនចេះងាករេ…»

គួរបញ្ជាក់ថា លោកស្រី Amy Klobuchar វ័យ ៥៨ឆ្នាំ គឺជាស្ត្រីទីបួន និងជាព្រឹទ្ធសមាជិកទីប្រាំផងដែរ ដែលបាន ប្រកាសខ្លួនធ្វើជាបេក្ខជនប្រធានាធិបតី។ សមាជិកជួរមុខនៃបក្សប្រជាធិបតេយ្យរូបនេះ ក៏បានអះអាងផងដែរអំពី សមត្ថភាពរបស់ខ្លួន ក្នុងការចរចាជាមួយមន្ត្រីបក្សសាធារណរដ្ឋ ក្នុងករណីមានការជាប់គាំងនានា ដូចជាការជាប់ គាំងរដ្ឋាភិបាលជាដើម ខណៈបញ្ហាសុខមាលភាពសង្គម គឺជាប្រធានបទធំជាងគេរបស់លោកស្រី៕

You might also like More from author