«លោក ត្រាំ ប្រហែល​​ជា​គ្មាន​​ឱកាស​​ធ្វើ​ប្រធានា​ធិបតី​ទៀត​​ទេ​នៅ​​ឆ្នាំ២០២០ ព្រោះ​លោក​​នឹង​ស្ថិត​ក្នុង​​ពន្ធនាគារ…» នេះ​ជា​ពាក្យ​ព្រមាន​​ធ្ងន់ៗ​លោកស្រី សមាជិក​ព្រឹទ្ធសភា​អាមេរិក

(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី អេលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) ដែលបានប្រកាសថា លោកស្រីនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ២០២០ បានលើកឡើងថា ឆ្នាំក្រោយលោក ដូណាល់ ត្រាំ ប្រហែលជាគ្មានឱកាសតតាំងជាមួយបេក្ខភាពដែលនឹងទៅដណ្តើមតំណែងរបស់លោកឡើយ ព្រោះថានៅពេលនោះលោកអាចនឹងនៅ ក្នុងពន្ធនាគារបាត់ទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រី Wanrren បានធ្វើការព្រមានធ្ងន់ៗបែបនេះ ក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមយុទ្ធនាការរបស់លោកស្រី នៅចំពោះមុខអ្នកគាំទ្រនៅក្រុង សេថា រ៉ាភីដស៍ (Cedar Rapids) នៃរដ្ឋ អ៊ីយ៉ូវ៉ា (Iowa)។ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះបាននិយាយយ៉ាងដូច្នេះថា «នៅឆ្នាំ២០២០ លោក ដូណាល់ ត្រាំ ទំនងជាមិនមានតំណែងប្រធានាធិបតីទៀតឡើយ ព្រោះថាតាមពិតទៅលោកអាចនឹងស្ថិតនៅក្នុងពន្ធនាគារ»

គួរជម្រាបថា បច្ចុប្បន្នការស៊ើបអង្កេតដែលដឹកនាំដោយរដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) កំពុងតែបន្តប្រព្រឹត្តទៅ ជុំវិញរឿងអាស្រូវនៃការលូកដៃរបស់រុស្ស៊ី ចូលក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ខណៈអតីតមនុស្សជំនិតៗរបស់លោក ត្រាំ មួយចំនួនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារ។

ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ បានបដិសេធថា លោកមិនបានធ្វើខុសអ្វីទាំងអស់ ក្នុងការបោះឆ្នោតឆ្នាំ២០១៦ ហើយក៏មិនមានទំនាក់ទំនងអ្វីជាមួយរដ្ឋាភិបាលរុស្ស៊ីដែរ។ ខណៈពេលនេះ ពុំមានសញ្ញាណាមួយបង្ហាញថា ប្រធានាធិបតីអាមេរិករូបនេះ អាចនឹងត្រូវចោទប្រកាន់ ឬក៏ជាប់ពន្ធនាគារនៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំឆ្នាំ២០២០ ឡើយ ប៉ុន្តែការវាយប្រហារទៅលើរូបលោក ត្រាំ នឹងកាន់តែកើនឡើង នៅពេលដែលការបោះឆ្នោតឆ្នាំ២០២០ កាន់តែកៀកជិតមកដល់ដែរនោះ៕

You might also like More from author