ព្រះនាងម្ចាស់ Ubolratana គ្មាន​ឈ្មោះ​​ក្នុង​បញ្ជី​បេក្ខជន​​​នាយក​រដ្ឋមន្ត្រី​​ទេ បន្ទាប់ពី​កិច្ច​ប្រជុំ​នៃ​​គណៈកម្មការ​​បោះឆ្នោត​ថៃ

(បាងកក)៖ ទីបំផុតបញ្ជីឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សនយោបាយនានា ត្រូវបានគណៈកម្មការបោះឆ្នោតជាតិថៃ សម្រេចចេញជាផ្លូវការហើយក្រោយកិច្ចប្រជុំមួយ នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប៉ុន្តែនៅក្នុងនោះគេពុំឃើញមានឈ្មោះព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ដែលជាព្រះរាមរបស់ស្តេចថៃនោះឡើយ ហើយប្រការនេះក៏ត្រូវបានគេសន្មត់ដែរថា គណៈកម្មការបានសម្រេចមិនទទួលយកបេក្ខជននាយករដ្ឋមន្ត្រី ដែលគណបក្សថៃរក្សាជាតិបានជ្រើសតាំងឡើងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

គណៈកម្មការបោះឆ្នោតជាតិថៃ បានបើកកិច្ចប្រជុំសំខាន់មួយនៅថ្ងៃចន្ទនេះ ដើម្បីដោះស្រាយបញ្ហាជាច្រើន ជាពិសេសបញ្ហាបេក្ខជនដែលមានសិទ្ធិឈរឈ្មោះជានាយករដ្ឋមន្ត្រី មកពីគណបក្សនយោបាយនានា។ នៅក្នុងនោះបញ្ហារសើបបំផុតនៃបក្សនយោបាយមួយ ដែលបានជ្រើសតាំងសែរាជវង្សជាន់ខ្ពស់ថៃមួយព្រះអង្គដែលត្រូវជាព្រះរាមរបស់ព្រះមហាក្សត្របច្ចុប្បន្នតែម្តង ឡើងធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងបក្សរបស់ខ្លួននោះ គឺជាប្រធានបទសំខាន់។

គួរបញ្ជាក់ថា ការតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សថៃរក្សាជាតិ ដែលត្រូវបានគេមើលឃើញថា អាចមានប្រជាប្រិយភាពខ្លាំងក្នុងការបោះឆ្នោតនោះ បានធ្វើឲ្យមហាជនក្នុងប្រទេសថៃចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយសារព័ត៌មានធំៗទូទាំងសកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មីមិនធ្លាប់នៅក្នុងប្រទេសថៃនេះផងដែរ ខណៈព្រះមហាក្សត្រថៃវិញបានចេញរាជសារសម្តែងការមិនពេញព្រះទ័យជាខ្លាំងដោយបញ្ជាក់ថា «ជាទង្វើមិនសមរម្យទាល់តែសោះ និងជាការបំផ្លាញវប្បធម៌ជាតិថៃ»

ទោះបីជាបែបនេះក្តី ចាប់តាំងពីការប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៣២ មកទល់នឹងពេលបច្ចុប្បន្ននេះ ពុំដែលមានសែរាជវង្សជាន់ខ្ពស់ថៃណាមួយ ចេញមុខលេងនយោបាយនោះឡើយ ដូច្នេះហើយទើបការតែងតែងព្រះរាមរបស់ព្រះមហាក្សត្រថៃខាងលើនេះ បានបង្កឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ខណៈប្រទេសថៃបានល្បីល្បាញខាងធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីរិល រាប់ទសវត្សរ៍មកហើយ៕

You might also like More from author