ក្រុម​ហ៊ុន​ជប៉ុន Hoya ដើម្បី​ផលិត Hard Disk កុំព្យូទ័រ​បាន​បោះទុន​៣០០លានដុល្លារ កសាង​​រោង​ចក្រ​នៅឡាវ

(វៀងច័ន្ទ)៖ ក្រុមហ៊ុនជំនាញខាងផលិតផលអុបទិករបស់ជប៉ុន Hoya Corporation កំពុងបណ្តាក់ទុនវិនិយោគជាង ៣០០លានដុល្លារ ទៅលើការសាងសង់រោងចក្រផលិតកម្មថ្មីមួយនៅក្នុងប្រទេសឡាវ ដើម្បីផលិតដុំស្តុក ទិន្នន័យរបស់កុំព្យូទ័រ (Hard Disk Drive)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមហ៊ុន Hoya Corporation កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ សម្រាប់រោងចក្រខាងលើ ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ សៃសេដ្ឋា (Saysettha Development Zone ឬ SDZ) នៅរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ។ តំបន់អភិវឌ្ឍន៍ពិសេសនេះ ត្រូវបានបង្កើតឡើងរួមគ្នាដោយរដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនសរុបចំនួន ៥៦ កំពុងតែវិនិយោគនៅក្នុងតំបន់ SDZ ដែលគិតជាងទំហំទឹកប្រាក់គឺ ១ពាន់លានដុល្លារ ខណៈដែលភាគច្រើនអ្នកវិនិយោគគឺមកពីប្រទេស ចិន ជប៉ុន និងថៃ។

ដំណើរការផលិតកម្មនៅក្នុងរោងចក្រថ្មីខាងលើត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើមបាននៅអំឡុងដើមឆ្នាំ២០២០ ហើយវាគឺជាការបន្ថែមទៅលើរោងចក្រផលិត Hard Disk Drive ដែល Hoya Corporation មានស្រាប់នៅថៃ និងវៀតណាម។ បើតាមក្រុមហ៊ុន Hoya ប្រទេសឡាវគឺជាទីតាំងដ៏ប្រពៃសម្រាប់ឲ្យក្រុមហ៊ុនរៀបចំបើករោងចក្រ ថ្មីរបស់ខ្លួន ហើយវារោងចក្រនេះនឹងជួយបង្កើតឱកាសការងារជាង ៤,០០០កន្លែងនៅទីនេះ។

គួរជម្រាបថា រដ្ឋាភិបាលឡាវ ជាពិសេសក្រសួងផែនការ និងវិនិយោគរបស់ឡាវ កំពុងសកម្មជាខ្លាំងក្នុងការព្យា យាមធ្វើឲ្យប្រសើរឡើងនូវ យន្តការ ចំណាត់ការ បទបញ្ញត្តិ និងគោលការណ៍ផ្សេងៗ ដើម្បីជួយសម្របសម្រួល និងពន្លឿននីតិវិធីនានា សម្រាប់ក្រុមវិនិយោគិនក៏ដូចជាប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសអាស៊ានមួយនេះ៕

You might also like More from author