កងទ័ព​សម្ព័ន្ធ​មិត្ត​ទម្លាក់​គ្រាប់​បែក​ចំភូមិ​​មួយ​នៅ​​ស៊ីរី បណ្តាល​​ឲ្យប្រជាជន​​៧០នាក់​ស្លាប់!

(ដាម៉ាស់)៖ តាមទូរទស្សន៍រដ្ឋរបស់ស៊ីរីបានចេញផ្សាយថា កងទ័ពអាកាសនៃសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បានធ្វើ ការវាយប្រហារដោយទម្លាក់គ្រាប់បែក ទៅលើភូមិមួយក្នុងទឹកដីស៊ីរី ដោយបានបណ្តាលឲ្យជនស៊ីវិលសរុប ៧០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយបន្តដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមការចេញផ្សាយខាងលើនេះ ក្រៅពីមនុស្សស្លាប់ទាំង ៧០នាក់ មនុស្សចំនួនទៀតក៏បានទទួលរងរបួសផង ដែរ នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកនៃក្រុមសម្ព័ន្ធមិត្តអាមេរិក ទៅលើភូមិមួយក្នុងស្រុក បាហ្គូស (Baghuz) នៃខេត្តឌែរអេសហ្សួរ (Deir-ez-Zor) ដែលបានកើតមានឡើងកាលពីថ្ងៃចន្ទ ហើយពីដំបូងឡើយមនុស្សប្រមាណ ២០នាក់ត្រូវបានគេរាយការណ៍ស្លាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កងកម្លាំងប្រជាធិបតេយ្យឃើដនៅស៊ីរី (SDF) បានអះអាងថា ពួក គេបានចាប់ផ្តើមប្រតិបត្តិការរំដោះយកស្រុក Baghuz ពីកណ្តាប់ដៃក្រុម ISIS ដោយពួកគេអះអាងថា Baghuz វាគឺជាមូលដ្ឋានចុងក្រោយរបស់ ISIS នៅក្នុងប្រទេសស៊ីរី ប៉ុន្តែការវាយប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិក នេះ បានធ្លោយទៅប៉ះភូមិជនស៊ីវិលស្លូតត្រង់ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ដូចខាងលើនេះតែម្តង៕

You might also like More from author