រដ្ឋាភិបាល​សិង្ហបុរី គ្រោង​គិត​គូរ​ដាក់​ចេញ​ច្បាប់​ថ្មី ដើម្បី​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស

(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាដាក់ចេញច្បាប់ថ្មី ដើម្បីប្រឆាំងទប់ស្កាត់ចំពោះការជ្រៀតជ្រែកពីបរទេស ដែលមានគោលដៅចង់បង្កបញ្ហា និងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៃប្រទេសសិង្ហបុរី។ នេះបើតាមសម្តីលោក Edwin Tong ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនីតិរដ្ឋនិងសុខាភិបាលសិង្ហបុរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតប ចំពោះសំណួររបស់សមាជិកសភាសិង្ហបុរី លោកស្រី Cheng Li Hui ដែលបានចោទសួរនាយករដ្ឋមន្រ្តី លោក Lee Hsien Loong អំពីមេរៀនអ្វីខ្លះដែលសិង្ហបុរីអាចរៀនសូត្របាន ពីឧទាហរណ៍នៃករណីលូកដៃរបស់បរទេស នៅក្នុងដំណើរការបោះឆ្នោតក៏ដូចជាកិច្ចនយោបាយ ដែលបានកើតមានចំលើប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិកនិងបារាំងជាដើម ហើយតើវាមានភាពចាំបាច់ដែរឬទេ ក្នុងការដាក់ចេញច្បាប់ថ្មីៗ ឬក៏ពង្រឹងច្បាប់នានាដែលមានស្រាប់ ដើម្បីដោះស្រាយការគំរាមកំហែងនេះ។

លោក Edwin Tong បានលើកឡើងដូច្នេះថា «ក្នុងឆ្នាំនេះរដ្ឋាភិបាលនឹងធ្វើការពិចារណា បង្កើតច្បាប់ទាក់ទិននឹងបញ្ហានៃការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃដោយចេតនាតាមបណ្តាញអ៊ីនធើណែត ក៏ដូចជាយុទ្ធនាការជះឥទ្ធិពលរបស់បរទេស ដែលអាចគំរាមកំហែង ដល់សន្តិសុខជាតិរបស់ប្រទេសយើង»

ជុំវិញបញ្ហានៃការជ្រៀតជ្រែកពីបរទេស លោក Tong បានរម្លឹកថា សិង្ហបុរីធ្លាប់បានជួបបញ្ហានេះប៉ុន្មានដងមកហើយ តួយ៉ាងកាលពីទសវត្ស៍៧០ សារព័ត៌មានសិង្ហបុរីចំនួនពីរ បានទទួលសំណូកពីបរទេស ហើយព្យាយាមបំផ្លាញរដ្ឋាភិបាលរបស់ខ្លួន។ ករណីផ្សេងទៀត រួមមាន លោក Huang Jing ជាអតីតសាស្រ្តចារ្យនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ដែលត្រូវបានបណ្តេញចេញពីសិង្ហបុរី បន្ទាប់ពីត្រូវគេរកឃើញថា លោកបានដើរតួនាទីជាដៃជើងបម្រើឲ្យបរទេស ដើម្បីជះឥទ្ធិពលក្នុងប្រទេសសិង្ហបុរីជាដើម៕

You might also like More from author