អ្នក​កាសែត​​​អន្តរជាតិ «២,៦០០នាក់» ចុះ​ឈ្មោះ​​ចូល​យក​ព័ត៌មាន​​​នៃ​​ជំនួប​​កំពូល ត្រាំ-គីម នៅ​ទីក្រុង​​ហាណូយ​

(ហាណូយ)៖ អ្នកកាសែតអន្តរជាតិប្រមាណ ២,៦០០នាក់ បានចុះឈ្មោះដើម្បីត្រៀមយកព័ត៌មាន នៃកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈនេះ។ នេះបើតាមការឲ្យដឹងពីអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ឡេ ហុយទ្រុង (Le Hoai Trung) ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Trung បាននិយាយថា ប្រទេសវៀតណាមមានពេលត្រឹម ២០ថ្ងៃប៉ុណ្ណោះដើម្បីត្រៀមលក្ខណៈ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា រដ្ឋធានីរបស់វៀតណាម គឺជាកន្លែងសម្រាប់រៀបចំជំនួបកំពូលលើកទីពីររបស់លោក ជាមួយនិងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈដែលសិង្ហបុរីមានពេលជិត ០២ខែពេញ ដើម្បីរៀបចំកិច្ចការចាំបាច់ផ្សេងៗ សម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទីពីរ កាលពីខែមិថុនា ឆ្នាំ២០១៨។

ថ្មីៗនេះដែរនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) បានបង្គាប់ឲ្យក្រសួងក៏ដូចជាស្ថាប័ននានា ប្រឹងប្រែងបំពេញកិច្ចការងារឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខរឹងមាំបំផុត ដើម្បីឲ្យកិច្ចប្រជុំលក្ខណៈអន្តរជាតិនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ លោក Phuc ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនលក្ខខណ្ឌប្រសើរបំផុត សម្រាប់ក្រុមអ្នកសារព័ត៌មាន ដែលត្រូវមកយកព័ត៌មានអំពីព្រឹត្តិការណ៍ដ៏ធំនេះផងដែរ៕

You might also like More from author