យាន Crew Dragon របស់​ក្រុម​ហ៊ុន SpaceX ចុះ​មក​ដល់​ផែន​ដីវិញ​ដោយ​សុវត្ថិភាព ក្រោយ​ចាក​ចេញ​ពីស្ថានីយ​អវកាស​អន្តរជាតិ

(វ៉ាស៊ីនតោន)៖ ទីបំផុតយាន Crew Dragon របស់ក្រុមហ៊ុន SpaceX បានត្រឡប់ចុះមកដល់ភពផែនដីវិញដោយ ជោគជ័យ ក្រោយពីវាបានចំណាយពេល០៦ថ្ងៃ នៅឯស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Independent នៅយប់ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

នាព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក) ក្រោយពីត្រឡប់ចូលមកក្នុងបរិយាកាសផែន ដីវិញ យាន Crew Dragon ឬ Dragon 2 បានប្រើឆ័ត្រយោងទម្លាក់ខ្លួនវាចុះមកប៉ះផ្ទៃទឹកនៃមហាសមុទ្រអាត្លង់ ទិកដោយសុវត្ថិភាព ជាមួយអវយានិកជ័រម្នាក់ឈ្មោះថា Ripley នៅក្បែរឆ្នេរនៃរដ្ឋផ្លូរីដា។ ការធ្វើតេស្តខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយយានអវកាស Crew Dragon បានទៅដល់ស្ថានីយ ISS កាលពី ថ្ងៃអាទិត្យ។

គួរជម្រាបថា បច្ចុប្បន្ន ក្រុមអវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានពឹងផ្អែកទាំងស្រុងទៅលើយាននិងគ្រាប់រ៉ុក្កែតរបស់ប្រទេសរុស្ស៊ី ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ចាប់តាំងតែពីកម្មវិធី យាន Space Shuttle របស់ខ្លួន បានចូលនិវត្តន៍កាលពី០៨ឆ្នាំមុន។ ឥឡូវនេះ NASA កំពុងដាក់ក្តីសង្ឃឹមលើក្រុម ហ៊ុនឯកជន SpaceX ក៏ដូចជា Boeing ក្នុងការផលិតយានអវកាសមួយ ដើម្បីចាប់ផ្តើមបញ្ជូនអវកាសយានិក របស់ខ្លួន ឡើងទៅកាន់ទីអវកាសវិញ ដោយប្រើគ្រាប់រ៉ុក្កែតនិងយានរបស់អាមេរិកផ្ទាល់។

បន្ទាប់ពីការធ្វើតេស្តខាងលើ យាន Crew Dragon នឹងត្រូវធ្វើតេស្តជាលើកដំបូងដោយមានវត្តមានមនុស្ស នៅខែកក្កដា ឆ្នាំ២០១៩នេះ រីឯយាន Starliner ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ Boeing ត្រូវគេរំពឹងថានឹងអាចធ្វើការសាកល្បងបាញ់បង្ហោះដោយគ្មានដឹកមនុស្សជាលើកដំបូងទៅកាន់ស្ថានីយ ISS នៅខែមេសា ខាងមុខ ខណៈការហោះហើរដោយមានដឹកមនុស្សគឺនៅអំឡុងរដូវក្តៅឆ្នាំនេះ (ចន្លោះខែមិថុនានិងខែកញ្ញា)៕

You might also like More from author