ប្រធានាធិបតី​​វេណេស៊ុយអេឡា​​នឹង​ស្នើ ចិន រុស្ស៊ី​ គុយបា អ៊ីរ៉ង់ និង UN ឲ្យ​ចូល​មក​​ជួយ​ដោះ​ស្រាយ​​រឿង​ដាច់​​ចរន្ត​​អគ្គិសនី

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឲ្យដឹងថា លោកនឹងស្នើសុំជំនួយពី រុស្ស៊ី ចិន គុយបា អ៊ីរ៉ង់ រួមទាំងអង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេតជុំវិញអ្វីដែលរូបលោកបានអះអាងថា ជាការវាយប្រហារមកលើបណ្តាញផ្គត់ផ្គង់អគ្គិសនីប្រទេសលោក ដែលបានបង្កឲ្យមានការដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងប្រទេស អស់ជាច្រើនថ្ងៃមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានចាត់តាំងគណៈកម្មការពិសេសមួយ ដើម្បីរៀបចំបើកការស៊ើបអង្កេតលើករណី វាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើបណ្តាញផ្គត់ផ្គង់អគ្គិសនីវេណេស៊ុយអេឡា និងបានស្នើសុំជំនួយពីក្រុមអ្នកជំនាញអន្តរជាតិ។ ខ្ញុំមានបំណងចង់ស្នើសុំការជួយគាំទ្រពីអង្គការសហប្រជាជាតិ ព្រមទាំងប្រទេសរុស្ស៊ី ចិន គុយបា និងអ៊ីរ៉ង់ ព្រោះថាប្រទេសទាំងនេះ មានបទពិសោធន៍ខ្ពស់ក្នុងការដោះស្រាយការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យា»

គួរជម្រាបថា ប្រទេសវេណេស៊ុយអេឡាបានជួបប្រទះការដាច់ចរន្តអគ្គិសនី តាំងតែពីថ្ងៃទី០៧ ខែមីនា ហើយលោក ម៉ាឌូរ៉ូ បានចោទក្រុមប្រឆាំង និងសហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងរឿងនេះ ខណៈលោក ហ្គៃដូ ដែលជាមេបក្សប្រឆាំងបានចោទលោក ម៉ាឌូរ៉ូ ថាគ្មានសមត្ថភាពគ្រប់គ្រងប្រទេស និងធ្វើឲ្យប្រជាជនជិត ២០នាក់ស្លាប់ដោយសារតែការដាច់ចរន្តអគ្គិសនីរហូតដល់ទៅ ២១រដ្ឋ ក្នុងចំណោមរដ្ឋទាំងអស់ចំនួន ២៣៕

You might also like More from author