អ្នកជំនាញ៖ ក្រុមហ៊ុន Boeing អាច​នឹង​ខាត​ប្រាក់ ៥.១ពាន់​លាន​ដុល្លារ ដោយសារ​ការ​ផ្អាក​ការ​ហោះ​ហើរ​យន្ដហោះ 737 MAX

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញមកពីធនាគារវិនិយោគ Jefferies បាននិយាយថាក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារតែការផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ 737 MAX ពីសំណាក់បណ្ដាប្រទេស ជិត៥០នៅលើពិភពលោក បន្ទាប់ពីមានសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់សារព័ត៌មាន Washington Post ក្រុមអ្នកជំនាញខាងលើដដែល ក៏បានសង្កត់ធ្ងន់ដែរថាគ្រោះថ្នាក់ធ្លាក់យន្ដហោះអេត្យូពី អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសក្រុមហ៊ុន Boeing។ លើសពីនេះទៅទៀត អ្វីដែលសំខាន់នោះគឺវាក៏អាចជះឥទ្ធិពល អវិជ្ជមានដល់ការបញ្ជាទិញយន្ដហោះ 737 MAX 8 ជាង៥,០១១គ្រឿងពីអតិថិជនចំនួន៧៩ នៅទូទាំងពិភពលោកផងដែរ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ប្រទេសអេត្យូពីរ Ethiopian Airlines បានធ្លាក់នៅប៉ុន្មាននាទីក្រោយហោះចេញពីព្រលានយន្តហោះក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពីរ ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៥៧នាក់ ដែលជិះនៅលើនោះ។ ហេតុការណ៍នេះគឺជាគ្រោះមហន្តរាយលើកទីពីរហើយ ដែលមានពាក់ព័ន្ធនឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ក្នុងស្រុក Lion Air បានធ្លាក់នៅសមុទ្រជ្វា ក្រោយហោះហើរបានតែបន្តិចដូចគ្នា ចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា និងបានសម្លាប់ជិវិតមនុស្សទាំងអស់គឺជាង ១៨០នាក់។

ក្រោយសោកនាដកម្មនៅអេត្យូពី ប្រទេសជាច្រើនបានផ្អាកការហោះហើរ ឬក៏បិទដែនអាកាសសម្រាប់យន្តហោះម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិកខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន៕

You might also like More from author