ស្វែង​យល់​ពីយន្ដហោះ Boeing 737 Max ដែល​ធ្លាក់ផ្តាច់​ជីវិត​មនុស្ស​១៥៧នាក់

(វ៉ាស៊ីនតោន)៖ សោកនាដកម្មធ្លាក់យន្ដហោះ Boeing 737 MAX 8 ផ្ដាច់ជីវិតមនុស្ស១៥៧នាក់ នៅឯប្រទេស អេត្យូពី កំពុងបង្កឱ្យ មានការចោទសួរជាសំណួរជាច្រើនពាក់ព័ន្ធនឹងសុវត្ថិភាពនៃយន្ដហោះត្រកូល 737 MAXនេះ ដែលជាយន្ដហោះទំនើបបំផុតមួយ របស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing។

គ្រោះថ្នាក់ធ្លាក់យន្ដហោះនៅអេត្យូពី គឺជាគ្រោះមហន្តរាយលើកទីពីរហើយ ដែលមានពាក់ព័ន្ធនឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទនេះ របស់អាកាសចរណ៍ក្នុងស្រុក Lion Air បានធ្លាក់នៅសមុទ្រជ្វាក្រោយ ហោះហើរបានតែបន្តិចដូចគ្នាចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា និងបានសម្លាប់ជិវិតមនុស្សទាំងអស់គឺជាង១៨០នាក់។

* តើអ្វីទៅជាយន្ដហោះ Boeing 737 Max?

Boeing 737 Max គឺជាយន្ដហោះដ៏ទំនើប និងជាផលិតផលដ៏ជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនផលិតយន្ដហោះ អាមេរិក Boeing នៃត្រកូល 737 ដែលមានដូចជា 737 Max 7, 8, 9 និង 737 Max 10។ ប៉ុន្តែគេសង្កេតឃើញ យន្ដហោះ Boeing 737 Max 8 ហាក់ដូចជាមានប្រជាប្រិយភាពជាងគេក្នុងចំណោមយន្ដហោះត្រកូល 737 Max ដោយវាទទួល បានការបញ្ជាទិញជាង៥,០១១គ្រឿងពីអតិថិជនចំនួន៧៩ នៅទូទាំងពិភពលោក ខណៈ៣៥០ គ្រឿងត្រូវបានប្រគល់ដល់ដៃអតិថិជន ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវកាលពីឆ្នាំ២០១៧។

Boeing 737 Max 8 មួយគ្រឿងមានតម្លៃ១២១.៦លានដុល្លារ និងមានកៅអីអង្គុយអតិបរាម៉ា២១០នាក់,ប្រវែង ៣៩.៥២ម៉ែត្រ, មានប្រវែងស្លាប៣៥.៩ម៉ែត្រ ព្រមទាំងអាចហោះបានក្នុងចំងាយផ្លូវ៦៥៧០គីឡូម៉ែត្រ ដោយ ប្រើប្រាស់ម៉ាស៊ីន LEAP-1B from International។ ចំណែកឯ ត្រកូលដទៃដូចជា៖
MAX 7: មានតម្លៃ៩៩.៧លានដុល្លារ
MAX 9: ១២៨.៩លានដុល្លារ
MAX 10: ១៣៤.៩លានដុល្លារ

គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ប្រទេសអេត្យូពី Ethiopian Airlines បានធ្លាក់នៅប៉ុន្មាននាទីក្រោយហោះចេញពីព្រលានយន្តហោះក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពីរ ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៥៧នាក់ ដែលជិះនៅលើនោះ។

ក្រោយសោកនាដកម្មនៅអេត្យូពី ប្រទេសជាច្រើនបានផ្អាកការហោះហើរ ឬក៏បិទដែនអាកាសសម្រាប់យន្តហោះ ម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិកខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន។

ដោយឡែក ក្រុមអ្នកជំនាញមកពីធនាគារវិនិយោគ Jefferies បាននិយាយថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing អាចនឹងខាតប្រាក់៥.១ពាន់លានដុល្លារ ដោយសារតែការផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ 737 MAXនេះ ស្របពេលការបញ្ជា ទិញយន្ដហោះ 737 MAX 8 ជាង៥,០១១គ្រឿង កំពុងប្រឈមមុខនឹងហានិភ័យ នៃការលុបចោល៕

You might also like More from author