ស្វែង​យល់​ពីប្រវត្តិ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in ដែល​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ពីថ្ងៃ​ទី១៤-១៦ ខែមីនានេះ

(សេអ៊ូល)៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក មូន ចេអ៉ិន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ភាគីទាំងពីរនឹងចុះហត្ថលេខា លើឯកសារមួយចំនួន។ នេះគឺជាទស្សនកិច្ចលើកដំបូងសម្រាប់លោក មូន ជេអ៉ីន ក្នុងនាមប្រធានាធិបតីចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា។

តើប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in មានប្រវត្តិយ៉ាងណា?
លោក Moon Jae-in បានក្លាយជាប្រធានាធិបតីថ្មីទី១២ របស់ប្រទេស កូរ៉េខាងត្បូង បន្ទាប់ពីទទួលបានសម្លេងគាំទ្រក្នុងការបោះឆ្នោត តទល់នឹងបេក្ខជនប្រធានាធិបតីពីររូបផ្សេងទៀត។ ការបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោកស្រី Park Geun-hye ដែលត្រូវបានទម្លាក់ពីដំណែងក្រោមបទចោទប្រកាន់ពីបទស៊ីសំណូក និងរឿងអាស្រូវ។

* ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧
* មេដឹកនាំបក្សប្រជាធិបតេយ្យ៖ ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦
* សមាជិកសភាជាតិ៖ ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ (វ័យ៦៤ឆ្នាំ)
* ភរិយា៖ លោកស្រី Kim Jong-suk
* កូន៖ ពីរនាក់ (ស្រីមា្នក់ ប្រុសម្នាក់)

* ជីវិតពីកុមារភាព និងការសិក្សា៖
កើតក្នុងទីក្រុង Geoje ប្រទេស កូរ៉េខាងត្បូង កុមារ Moon Jae-in ជាកូនប្រុសច្បងម្នាក់ ដោយមានឪពុកឈ្មោះ Yong-hyung និងម្តាយឈ្មោះ Kang Han-ok ព្រមទាំងមានបងប្អូនប្រាំនាក់។ ឪពុករបស់លោកជាជនភៀសខ្លួន ពីខេត្ត Hamgye ខាងត្បូង។

បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅពីរបីដង ទីបំផុតក្រុមគ្រួសាររបស់លោកបានមករស់នៅក្នុងទីក្រុង Busan ហើយកុមារា Moon បានចូលសិក្សានៅសាលា Kyungnam។ ក្រោយមក Moon បានចូលសិក្សានៅសកលវិទ្យាល័យ Kyunghee ឯកទេសផ្នែកច្បាប់។ យុវជនរូបនេះត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីសកលវិទ្យាល័យ បន្ទាប់ពីលោកប្រមូលផ្តុំនិស្សិតដើម្បីធ្វើបាតុកម្ម ប្រឆាំងច្បាប់ផ្តាច់ការ Yushin។ ក្រោយមកលោកត្រូវជាប់កំណែន ធ្វើជាយោធា និងត្រូវបានតែងតាំងជាកងកម្លាំងពិសេស។

បន្ទាប់ពីរួចពីកំណែនលោកបានប្រឡងជាប់ Bar Exam និងត្រូវបានអនុញ្ញាតចូលសិក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងហ្វឹកហាត់ផ្នែកចៅក្រម។ ទោះបីបានសិក្សាខ្ពស់លើផ្នែកនេះក្តី តែលោកមិនអាចក្លាយជាចៅក្រម ឬព្រះរាជអាជ្ញាបានឡើយ ដោយសារលោកធ្លាប់មានប្រវត្តិធ្វើជាសកម្មជន ប្រឆាំងរបបផ្តាច់ការក្នុងពេលដែលលោកនៅជានិស្សិត ហេតុនេះ លោក Moon បានជ្រើសរើសធ្វើជាមេធាវីជំនួសវិញ។

លោក Moon បានរៀបការជាមួយកញ្ញា Kim Jong-suk ជាតារាចម្រៀងម្នាក់ ដែលធ្លាប់សិក្សានៅសកលវិទ្យាល័យរួមគ្នា។ អ្នកទាំងពីរមានកូនពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់។

* ការចាប់ផ្តើមអាជីពការងារ៖
បន្ទាប់ពីក្លាយជាមេធាវី លោកបានចាប់ដៃគូ និងធ្វើការជាមួយប្រធានាធិបតី Roh Moo-hyun (កាលនោះលោក Roh មិនទាន់ជាប់ឆ្នោតនៅឡើយ)។ ពួកគេបន្តធ្វើជាមិត្តជិតស្និតនឹងគ្នា រហូតដល់ឆ្នាំ២០០៩ នៅពេលដែលលោក Roh Moo-hyun បានធ្វើអត្តឃាតខ្លួនឯង។ ក្នុងពេលរាប់គ្នាលោក បានធ្វើការក្នុងផ្នែកសិទ្ធមនុស្ស និងសិទ្ធិជនស៊ីវិល។ លោកជាសមាជិករបស់ Minbyun និងជាប្រធានសិទ្ធិមនុស្សនៅ Busan Bar ផងដែរ។

ដោយការទទូចពីលោក Roh ដែលជាមិត្តភក្តិ ទើបលោក Moon បានធ្វើជាអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងអំឡុងពេលដែលលោក Roh ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ បន្ទាប់ពីលោក Roh ជាប់ឆ្នោត លោក Moon បានក្លាយជាប្រធានបុគ្គលិក និងជាជំនួយការជំនិតរបស់ប្រធានាធិបតី។ លោកបានកាន់កាប់ដំណែងជាច្រើនក្នុងអាណត្តិរបស់លោក Roh។

បន្ទាប់ពីព្រះរាជអាជ្ញាចាប់ផ្តើមធ្វើការស៊ើបអង្កេតរកឃើញ ការប្រព្រឹត្តអំពើពុករលួយរបស់លោក Roh, លោក Moon បានក្លាយជាប្រឹក្សាស្របច្បាប់មិត្តភក្តិរបស់លោក។ ហើយបន្ទាប់ពី Roh ធ្វើអត្តឃាត, លោក Moon ជាអ្នករៀបចំកម្មវិធីបុណ្យ និងកាន់កាប់រាល់កិច្ចការឯកជននានាជំនួស។

នៅចំពោះមុខមហាជន លោកត្រូវបានគេស្គាល់ថា ជាជំនួយការដ៏គួរទុកចិត្ត និងគួរស្ងើចសរសើរ ហើយអ្នកសេរីនិយមក្នុងប្រទេសកូរ៉េភាគច្រើន ចាត់ទុកលោក Moon ជាបេក្ខជនដ៏គួរចាប់អារម្មណ៍ម្នាក់ប្រឆាំងនឹងលោកស្រី Park Geun-hye ក្នុងពេលលោកស្រីនៅជាបេក្ខជនប្រធានាធិបតី។

* ការចាប់ផ្តើមប្រឡូកក្នុងកិច្ចការនយោបាយ (២០១២ ដល់២០១៧)៖
ក្នុងឆ្នាំ២០១២ លោក Moon បានឈរឈ្មោះបោះឆ្នោតដណ្តើមអាសនៈក្នុងសភា ក្នុងព្រឹត្តិការណ៍បោះឆ្នោតលើកទី១៩។ លោកទទួលបានអាសនៈ ក្នុងសភាដំណាងខេត្ត Busan នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ក្នុងនាមជាសមាជិកនៃបក្សសម្ព័ន្ធប្រជាធិបតេយ្យ ជាមួយនឹងសម្លេងគាំទ្រ៥៥ភាគរយ។

* យុទ្ធនាការឃោសនាប្រធានាធិបតីឆ្នាំ២០១២៖
ក្នុងខែកញ្ញា ឆ្នាំ២០១២ លោក Moon ធ្លាប់ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីម្តងផងដែរ ដំណាងបក្សសម្ព័ន្ធប្រជាធិបតេយ្យ។ លោកបានឈរ ឈ្មោះបោះឆ្នោតដើម្បីប្រកួតប្រជែងនឹងបេក្ខជនប្រធានាធិបតីពីររូបទៀត គឺលោកស្រី Park Geun-hye និងលោក Ahn Cheol-soo។ ហើយទីបំផុតលោក Ahn ទទួលបានជោគជ័យ។

* មេដឹកនាំបក្សប្រឆាំង៖
លោក Moon ត្រូវបានគេបោះឆ្នោតធ្វើជាមេដឹកនាំបក្សសម្ព័ន្ធនយោបាយថ្មី ដើម្បីប្រជាធិបតេយ្យក្នុងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥។

* ការបោះឆ្នោតឆ្នាំ២០១៧៖
លោក Moon ត្រូវបានចាត់ទុកជាបេក្ខជនប្រធានាធិបតីដែលនាំមុខគេមួយរូប ក្នុងព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីលើកទី១៩ ដែលប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក Moon បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ហើយទទួលជ័យជម្នះក្នុងការក្លាយជាប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង។

* តំណែងជាប្រធានាធិបតី៖
លោក Moon បានស្បថចូលកាន់ដំណែងភ្លាមៗ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបញ្ចប់នៅថ្ងៃទី១០ ខែឧសភានេះ ដោយគ្មានដំណាក់កាលអន្តរភាពរវាងការបោះឆ្នោត និងការតែងតំាងឡើយ។ ការបោះឆ្នោតលើកនេះខុសពីលើកមុន ដោយសារវាត្រូវបានរៀបចំឡើងភ្លាមៗ បន្ទាប់ពីអតីតប្រធានាធិបតីត្រូវរងការចោទប្រកាន់ និងទម្លាក់ពីដំណែង។ សូមជម្រាបថា ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ នឹងកាន់អំណាចរយៈពេលប្រាំឆ្នាំ ដោយនឹងបញ្ចប់អាណត្តិរបស់លោកក្នុងឆ្នាំ២០២២ខាងមុខ៕

( ប្រភព Fresh News)

You might also like More from author