ក្រុម​ជនបិទ​មុខ​​សម្រុក​ចូល​ស្ថាន​ទូត​​កូរ៉េ​ខាងជើង និង​​ចាប់​​​មន្ត្រី​​ទូត​​ជា​ច្រើន​​នាក់​​សួរ​ចម្លើយ ខណៈ​​មាន​​ការ​​សង្ស័យ​​ថា CIA ជា​​អ្នក​ប្រព្រឹត្ត

(អេស្ប៉ាញ)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ត្រូវបានគេចោទប្រកាន់ថា គឺជាអ្នកនៅពីក្រោយការ វាយប្រហារមួយ លើស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុង ម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ពោលគឺតែ ០៥ថ្ងៃប៉ុណ្ណោះមុននឹងជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានអេស្ប៉ាញ អ៊ែលផេស (EL PAIS) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

សារព័ត៌មាន EL PAIS ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបានឱ្យដឹងទៀតថា បុរស ពាក់ម៉ាស់បិទមុខ ០២នាក់ក្នុងចំណោម ១០នាក់ បានសម្រុកចូលទៅក្នុងស្ថានទូត និងចាប់បុគ្គលិកទូតកូរ៉េខាង ជើងជាច្រើននាក់សួរចម្លើយ ហើយមិនតែប៉ុណ្ណោះពួកគេត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា មានទំនាក់ទំនង ជាមួយនឹង CIA។ ប៉ុន្តែ CIA បានបដិសេធ ខណៈប្រភពជាច្រើនអះអាងថា រដ្ឋាភិបាលអេស្ប៉ាញមិនអាចទទួល យកការបកស្រាយរបស់ ទីភ្នាក់ងារចារកម្មអាមេរិកមួយនេះបានទេ ស្របពេលជនសង្ស័យទាំង អស់កំពុង រត់គេចខ្លួន។

គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល ការវាយប្រហាររបស់ជនបិទមុខទាំង ១០នាក់ គឺធ្វើឡើងក្នុងគោល បំណងប្រមូល ព័ត៌មានពាក់ព័ន្ធនឹងអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអេស្ប៉ាញលោក គីម យ៉ុកចុល (Kim Hyok Chol) ដែលជាមន្ត្រីទូតម្នាក់ត្រូវបានលោក គីម ជុងអ៊ុន ទុកចិត្តជាខ្លាំង។ លោក Kim Hyok Chol ត្រូវបានរដ្ឋា ភិបាលអេស្ប៉ាញ បណ្ដេញចេញពីប្រទេសកាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារតែការធ្វើតេស្ដ នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

លើសពីនេះទៅទៀត កាលពីខែកុម្ភៈអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងរូបនេះ ក៏ជាអ្នកដឹកនាំប្រតិភូកូរ៉េខាងជើង ចូលរួមកិច្ច ពិភាក្សាស្ដីពីផែនការរំសាយអាវុធនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ច ជាមួយបេសកជន ពិសេសអាមេរិក លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) ផងដែរ៕

You might also like More from author