លទ្ធផល​​បឋម អាមេរិក​អះអាង​ថា​​ការ​ធ្លាក់​យន្តហោះ Boeing 737 MAX នៅ​អេត្យូពី និង​​ឥណ្ឌូណេស៊ី «បង្ក​​ឡើង​ដោយ​​បញ្ហា​បច្ចេក​ទេស​​ស្រដៀង​​គ្នា» តែត្រូវ​​ការ​ពេល​​ពិនិត្យ​​បន្ត…

(វ៉ាស៊ីនតោន)៖ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឱ្យដឹងថា មូលហេតុនៅពីក្រោយគ្រោះថ្នាក់ ធ្លាក់យន្ដហោះ Boeing 737 MAX 8 នៅឯប្រទេសអេត្យូពីកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អាចមានលក្ខណៈ ស្រដៀងគ្នាទៅនឹងគ្រោះថ្នាក់ ធ្លាក់យន្ដហោះប្រភេទនេះនៅឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨ នោះគឺដោយសារបញ្ហាបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទិន្នន័យបានមកពីផ្កាយរណបចាប់សញ្ញា នៃផ្លូវហោះ ហើររបស់ Boeing 737 MAX 8 បានបញ្ជាក់ពីភាពស្រដៀងគ្នានៃមូលហេតុធ្លាក់យន្ដហោះនៅអេត្យូពី និង ឥណ្ឌូណេស៊ី… ប៉ុន្តែការសន្និដ្ឋានបឋមនេះ ត្រួវការការស្វែងយល់បន្ថែមនៅឡើយ»

គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់យន្ដហោះនៅអេត្យូពីផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ គឺជាគ្រោះមហន្តរាយលើកទីពីរ ហើយ ដែលមានពាក់ព័ន្ធនឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទ នេះរបស់អាកាសចរណ៍ក្នុងស្រុក Lion Air បានធ្លាក់នៅសមុទ្រជ្វា ក្រោយហោះហើរបានតែបន្តិចដូចគ្នាចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា និងបានសម្លាប់ជិវិតមនុស្សទាំងអស់គឺជាង ១៨០នាក់។

បន្ថែមពីលើនេះ ក្រោយសោកនាដកម្មនៅអេត្យូពីបណ្ដាប្រទេសច្រើនជាង ៥០ ក្នុងនោះរួមមានទាំងសហរដ្ឋ អាមេរិក បានសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing ត្រកូល 737 MAX ជាបណ្ដោះអាសន្ន ខណៈក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing ត្រូវបានគេរំពឹងថា នឹងខាតប្រាក់រាប់ពាន់លានដុល្លារពីការផ្អាកនេះ៕

You might also like More from author