ពេលនេះ​​​​អាកាសចរណ៍​​មួយ​នៅ​ឥណ្ឌា «នឹង​​ទារ​សំណង​​​ពី​​​ក្រុមហ៊ុន Boeing» ក្រោយ​​ពី​​ផ្អាក​​ប្រតិបត្តិការ​​យន្តហោះ​ 737 MAX ចំនួន ​១២​គ្រឿង ​របស់​​ខ្លួន

(ញូដេលី)៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា SpiceJet បានឱ្យដឹងថា នឹងទាមទារសំណងពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បន្ទាប់ពីខ្លួនត្រូវបានអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌា បង្ខំឱ្យផ្អាកប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 Max ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តចូលរួមជាមួយប្រទេសច្រើនជាង ៥០ ក្នុងការបិទដែនអាកាសសម្រាប់យន្ដហោះ Boeing 737 Max នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្ដហោះប្រភេទនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ នៅអេត្យូពីកាលពីថ្ងៃអាទិត្យកន្លងទៅ។ ម្យ៉ាងទៀត ក្រោយការសម្រេចចិត្តនេះ ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ក៏ត្រូវបង្ខំចិត្តធ្វើតាមបទបញ្ជានេះដែរ ប៉ុន្តែបានបញ្ជាក់ជំហរថា នឹងទាមទារសំណងពីក្រុមហ៊ុន Boeing តាមរយៈសំណើឥណទានលើការថែទាំ ការជួសជុល និងផ្អាកការហោះហើររបស់ Boeing 737 Max ចំនួន ១២គ្រឿងរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ Boeing 737 MAX របស់ក្រុមហ៊ុន Ethiopian Airlines ដែលធ្លាក់នៅឯប្រទេសអេត្យូពី ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំងហើយ ដើម្បីធ្វើការវិភាគ និងស៊ើបអង្កេតលើមូលហេតុពិតប្រាកដដែលបានធ្វើឱ្យយន្ដហោះដ៏ទំនើបមួយនេះធ្លាក់ និងផ្តាច់ជីវិតមនុស្ស ១៥៧នាក់ ខណៈមានការសន្និដ្ឋានបឋមថា វាអាចមូលហេតុដូចទៅនឹងការធ្លាក់យន្តហោះនេះនៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ដែលបានផ្តាច់ជីវិតមនុស្ស ១៨៩នាក់៕

You might also like More from author